យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ និង ២ នាក់ទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងរថយន្តក្រុងខ្នាតតូច និងរថយន្តដឹកទំនិញ បានបុកគ្នានៅលើផ្លូវហាយវេ ក្នុងទីក្រុង អូរូរ៉ូ (Oruro) ភាគខាងលិចប្រទេសបូលីវី នេះបើយោងតាមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា)។
មន្ត្រីមូលដ្ឋាន លោក ហ៊ូលីអូ ឡារៀ (Julio Larrea) បាននិយាយថា អ្នកស្លាប់រួមមានកុមារម្នាក់ ស្ត្រី ៩ នាក់ និងបុរស ៤ នាក់។

បើតាមសមត្ថកិច្ចបានឱ្យថា អ្នកបើកបររថយន្តដឹកអំបិលនោះ ប្រហែលជាងងុយដេក បាត់បង់ម្ចាស់ការ រួចក៏ជ្រុលទៅបុកនឹងរថយន្តក្រុង ដែលស្ថិតក្នុងគន្លងផ្លូវម្ខាងទៀត។ អ្នកបើកបររថយន្តដឹកទំនិញ ដែលជាម្នាក់ក្នុងចំណោមគ្នា ២ នាក់ដែលនៅរស់រានមានជីវិតពីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យរដ្ឋអាជ្ញា។

ប្រទេសបូលីវី មានកំណត់ត្រាដ៏សោកសៅនៅពេលនិយាយអំពីសុវត្ថិភាពផ្លូវហាយវេ ហើយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងរថយន្តក្រុងធ្វើដំណើរពេលយប់គឺជារឿងធម្មតា ខណៈដែលអាជ្ញាធរបូលីវី បានបង្ហាញកិច្ចខិតខំប្រឹងប្រែងតិចតួចណាស់ក្នុងការដោះស្រាយបញ្ហានេះ៕