ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ (០៥ មេសា) នេះ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតទឹកភ្លៀងរយៈពេលជិតមួយខែទៅលើទីក្រុងស៊ីដនី (Sydney) និងបង្កឱ្យមានការព្រមានអំពីទឹកជំនន់ ដោយអាជ្ញាធរបានជំរុញឱ្យប្រជាជនជៀសវាងការធ្វើដំណើរដែលមិនសំខាន់ និងស្នាក់នៅក្នុងលំនៅឋាន។

ទិន្នន័យរបស់ការិយាល័យឧតុនិយមរបស់អូស្ត្រាលីបានបង្ហាញថា ទីក្រុងស៊ីដនី ដែលជាផ្ទះរបស់មនុស្សជាង ៥ លាននាក់ បានទទួលទឹកភ្លៀងកម្រិត ១១១ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោងដល់ព្រឹកថ្ងៃសុក្រនេះ ដែលជាកម្រិតជិតស្មើនឹងកម្រិតទឹកភ្លៀងជាមធ្យម ១២១,៥ មីលីម៉ែត្រសម្រាប់ខែមេសា។

ការិយាល័យអាកាសធាតុបាននិយាយថា ភ្លៀងអាចកាន់តែខ្លាំងពេញថ្ងៃសុក្រនេះ ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ដល់ទៅ ២០០ មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួន មុនពេលដែលសម្ពាធទាបតាមឆ្នេរសមុទ្ររសាត់ទៅភាគខាងកើតឆ្ពោះទៅសមុទ្រ ថាសម៉ាន (Tasman) នៅថ្ងៃសៅរ៍។ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញឧបករណ៍ផ្លូវដែកនៅស្ថានីយ៍រថភ្លើងធំមួយក្នុងទីក្រុងស៊ីដនី ដែលធ្វើឱ្យមានការពន្យារពេលដល់អ្នកដំណើរពេលព្រឹក។
ក្រុមសង្គ្រោះបន្ទាន់នៅរដ្ឋ ញ៉ូវ សៅ វេលស៍ (New South Wales) បានទទួលការហៅទូរស័ព្ទរាយការណ៍ច្រើនជាង ៥០០ ករណីហើយមនុស្ស ៧ នាក់ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ ខណៈដែលការព្រមានត្រូវបានដាក់ចេញសម្រាប់ទន្លេជាច្រើននៅភាគខាងកើត៕