ប្រភពពីក្រុមជីហាត បាននិយាយថា មេដឹកនាំក្រុមជីហាត ឈានមុខគេម្នាក់របស់អ៊ីរ៉ាក់ នៅភាគពាយ័ព្យប្រទេសស៊ីរី កាន់កាប់ដោយក្រុមឧទ្ទាម ដែលបានបង្កើតអតីតសម្ព័ន្ធក្រុមអាល់កៃដា ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅក្នុងលំនៅឋានសម្រាប់ទទួលភ្ញៀវរបស់មេដឹកនាំក្រុមជីហាតរូបនោះ។

ប្រភពទាំងបីនោះបាននិយាយថា លោក អាប៊ូ ម៉ារៀ អាល់កាថានី (Abu Maria al Qahtani) ដែលមានឈ្មោះពិតថា មីសឺ អាល់ ចាបួរី (Maysr al Jabouri) បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារមានរបួសធ្ងន់ធ្ងរពេក នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះបានបំផ្ទុះខ្លួនឯងភ្លាមៗបន្ទាប់ពីស្វាគមន៍លោកនៅទីក្រុង សាម៉ាដា (Sarmada) ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស។

លោក អាល់កាថានី គឺជាស្ថាបនិកម្នាក់នៃរណសិរ្ស នូស្រា (Nusra) ដែលជាអតីតយុទ្ធជនក្រុមអាល់កៃដា នៅក្នុងប្រទេសស៊ីរី ដែលបានប្តូរឈ្មោះខ្លួនឯងថា ហាយ៉ាត់ ថារឺ អាល់សាម (Hayat Tahrir al Sham -HTS) បន្ទាប់ពីបានបែកបាក់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា។

ក្រុមហាយ៉ាត់ ថារឺ អាល់សាម HTS នេះបានបញ្ជាក់ពីការស្លាប់របស់លោក អាល់កាថានី នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានស្តីបន្ទោសក្រុម ISIS ដែលជាក្រុមសកម្មប្រយុទ្ធគូប្រជែងមនោគមវិជ្ជា ថានៅពីក្រោយការបំផ្ទុះនោះ តែមិនទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ក្រុម ហាយ៉ាត់ ថារឺ អាល់សាម ដែលបានចុះបញ្ជីជាអង្គការភេរវករដោយសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលស៊ីរី និងកងកម្លាំងរុស្ស៊ី កំណត់គោលដៅជាយូរមកហើយ៕