មន្ត្រីអ៊ីស្រាអែល មួយរូប បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសា សប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តការបើកច្រកព្រំដែនអ៊ីរ៉េស (Erez)ឡើងវិញ រវាងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ភាគខាងជើង ជាលើកដំបូង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ។

ក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយថា ច្រកឆ្លងកាត់ព្រំដែននេះ នឹងអនុញ្ញាតឲ្យនាំជំនួយបន្ថែមទៀត ចូលទៅក្នុងដែនដីហ្កាហ្សា ដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធជិត ។ គណៈរដ្ឋមន្ត្រីនេះ ក៏បានអនុម័តឲ្យប្រើប្រាស់កំពង់ផែរបស់អ៊ីស្រាអែលផងដែរ ដើម្បីជួយសម្រួលដល់ការផ្ទេរជំនួយចូលទៅហ្កាហ្សា។

ការយល់ព្រមបើកច្រកនេះ កើតឡើង ក្រោយលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ស្ថានភាពសិទ្ធិមនុស្សជារួមនៅក្នុងតំបន់ហ្កាហ្សា បានធ្លាក់ក្នុងសភាពមិនអាចទទួលយក នៅក្នុងការសុន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu និងបានព្រមានថា អ៊ីស្រាអែល ត្រូវតែចាត់វិធានការដោះស្រាយវិបត្តិនេះ ពុំនោះនឹងប្រឈមផលវិបាកមិនខានឡើយ។

ច្រកឆ្លងកាត់ អ៊ីរ៉េស ដែលជាច្រកសម្រាប់អ្នកថ្មើរជើង ជាចំណុចព្រំដែនមួយក្នុងចំណោមច្រកព្រំដែនជាច្រើន ប្រើប្រាស់ឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧តុលា នៅពេលដែលក្រុមនេះបានសម្រុកចូលដែនដីអ៊ីស្រាអែលភាគខាងត្បូងសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្ស២៥០នាក់ជាចំណាប់ខ្មាំង។
គេនៅតែពុំទាន់ច្បាស់ទេថាតើ ការបើកច្រកនេះនឹងត្រូវអនុវត្តដោយរបៀបណា ហើយកម្រិតនៃការដឹកជញ្ជូនជំនួយប៉ុណ្ណា ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សា សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខខ្លាំងនៅក្នុងដែនដីនេះ៕