នៅថ្ងៃទី៥ ខែមេសា ឆ្នំា២០២៤នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP បានរៀបចំកម្មវិធីសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នំាថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង និងពិព័រណ៍លក់ផលិផល និងសេវាកម្មដែលជាស្នាដៃនិស្សិតរយៈពេល៣ថ្ងៃ ដើម្បីប្រមូលថវិកាយកជួយដល់កាកបាទក្រហមកម្ពុជាផង និងធ្វើសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា កុមារជួបការខ្វះខាតនៅតាមជនបទផងដែរ។

និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកឡើងថា ពួកគេសប្បាយរីករាយដែលសាកលវិទ្យាល័យរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី និងធ្វើពិព័រណ៍លក់ផលិផល និងសេវាកម្មដែលជាស្នាដៃនិស្សិតរយៈពេល៣ថ្ងៃនេះ។ ខណៈដែលឱកាសនេះ ពួកគេអាចបង្ហាញស្នាដៃខ្លួនឯង កើតចេញពីការរៀនសូត្រយកមកដាក់តាំងលក់ ដើម្បីប្រមូលថវិកាយកទៅធ្វើសកម្មភាពសប្បរសធម៌នានា ជាពិសេសការជួយដល់កុមារកំព្រា និងកុមារជួបការខ្វះខាតនានានៅតាមតំបន់ដាច់ស្រយាល។

អំឡុងពេលដើរទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រុមនិស្សិត បាន អបអរសាទរ ដោយបានឃើញថា សិស្សប្អូន និងរៀមច្បង ជានិស្សិតបានបង្កើតស្នាដៃខ្លួន និងមានមួយចំនួនយកផលិតផលម្ហូបអាហារ ភេសជ្ជៈ ដែលស្នាដៃខ្មែរធ្វើបានយកមកដាក់តាំងលក់ ដើម្បីរួមចំណែកថវិកាជួយដល់កុមារកំព្រា និងកុមារស្ថិតក្នុងបន្ទុកគ្រួសារខ្វះខាតនៅតាមតំបន់ជនបទ។

លោក វិ ទូ ប្រធានលេខាធិការដ្ឋានកិច្ចការយុវជន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថាជារួម កម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅសាកលវិទ្យាល័យភូមិន្ទឆ្នាំ២០២៤នេះ ក្រៅពីមានការតាំងពិព័រណ៍បង្ហាញស្នាដៃនិស្សិតប្រមាណ២៣០តង់រយៈពេលបីថ្ងៃ សាកលវិទ្យាល័យ ក៏បានណែនាំក្រុមយុវជនរៀបចំកម្មវិធីប្រគំតន្ត្រី រាំកម្សាន្តជុំគ្នារយៈពេល២ថ្ងៃ និងមានការលេងល្បែងកម្សាន្តចម្រុះប្រជាប្រិយខ្មែរ នៅតាមស្តង់ និងនៅតាមទីធ្លាសាកលវិទ្យាល័យផងដែរ៕ អត្ថបទ ស៊ុម សុខជា






