សៀមរាប៖ មន្រ្ដីស៊ីម៉ាក់ និងគណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន ឯកឧត្តម Bogdan Drapiatyi អមដំណើរដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងតំណាងអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) រួមជាមួយ មន្រ្តីជាន់ខ្ពស់មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី៥ ខែមេសា ឆ្នំា២០២៤ បានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីប្រតិបត្តិការបោសសម្អាតមីននៅចម្ការមីន ស្ថិតនៅនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង (បច្ចុប្បន្នក្រុងតេជោសែនរុនតាឯក)។

សកម្មភាពដែលគណៈប្រតិភូបានទស្សនាដោយផ្ទាល់នោះរួមមានការបោសសម្អាតមីនដោយមនុស្ស ការបោសសម្អាតដោយសុនខហិតមីន និងការបោសសម្អាតដោយគ្រឿងចក្រជាដើម។ បន្ទាប់ពីការទស្សនាចម្ការមីនហើយ គណៈប្រតិភូក៏បន្តដំណើរទស្សនកិច្ច នៅសារមន្ទីរតេជោសន្តិភាពស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់។
គួររំលឹកថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ុយក្រែនមកកម្ពុជា គឺដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រស្តីពីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងដើម្បីស្វែងយល់ពីប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ពិសេសប្រតិបត្តិការដោយការប្រើប្រាស់គ្រឿងចក្របោសសម្អាតមីនជប៉ុន និងឧបករណ៍រាវរកមីន ដែលនឹងផ្តល់ជូនដល់អ៊ុយក្រែន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន៕






