ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា នគរបាល និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតការលួចប្រាក់ក្នុងចំនួនរហូតដល់ ៣០ លានដុល្លារអាមេរិក ពីឃ្លាំងទុកប្រាក់ក្នុងទីក្រុង ឡូសអែនជើលេស (Los Angeles) ដែលជាទីក្រុងធំទីពីរនៅក្នុងសហរដ្ឋអាមេរិក។

ប្រភពពីសមត្ថកិច្ចបានប្រាប់ស្ថានីយទូរទស្សន៍ KABC ក្នុងស្រុកថា ចោរកម្មនេះបានកើតឡើងនៅឃ្លាំង ហ្កាដាវើល (GardaWorld) ក្នុងតំបន់ ស៊ីលម៉ា (Sylmar) ដែលជាសង្កាត់ជាយក្រុងក្នុងជ្រលងភ្នំ សាន ហ្វើណានដូ (San Fernando) កាលពីថ្ងៃអាទិត្យ អំឡុងពេលបុណ្យអ៊ីស្ទើរ (Easter) ហើយការលួចនេះគឺជាចោរកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។

របាយការណ៍បាននិយាយថា ចោរបានលួចចូលក្នុងឃ្លាំងនោះដោយមិនត្រូវប្រព័ន្ធសំឡេងរោទិ៍អាសន្នចាប់បាន ដោយឆ្លងកាត់ដំបូលអគារ ហើយចូលទៅកន្លែងស្តុកលុយ។

របាយការណ៍បន្ថែមថា ការចូលលួចនេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅឯកន្លែងដែលសាច់ប្រាក់ពីអាជីវកម្មទូទាំងតំបន់ត្រូវបានគ្រប់គ្រង និងរក្សាទុក ដោយបន្ថែមថាការទម្លុះចូលនេះមានភាពល្អិតល្អន់ ហើយធ្វើឡើងដោយក្រុមចោរមានបទពិសោធន៍ ដែលដឹងពីមធ្យោបាយដើម្បីលួចចូលដោយសុវត្ថិភាព និងដឹងពីទីតាំងដែលមិនមាននរណាម្នាក់កត់សម្គាល់៕