ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ចំនួន១៦រូប តំណាងឱ្យ១៦ក្រុមហ៊ុន ដឹកនាំដោយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyên Huy Tăng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងឱកាសសម្តែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានអបអរសាទរអំពីសមិទ្ធផលដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការការពារការគោរពរដ្ឋធម្មនុញ្ញ និងការអនុវត្តសមត្ថកិច្ចរបស់ខ្លួននាពេលកន្លងមក។

ឯកឧត្តមប្រធានគណៈប្រតិភូក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការវិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ និងការបង្កើតរោងចក្រកែច្នៃរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ដោយបានចំណាយដើមទុនវិនិយោគអស់ទឹកប្រាក់ សរុបប្រមាណជាង ១.០០០លានដុល្លារអាម៉េរិក។

ជាការឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនគណៈប្រតិភូ ដែលបានអញ្ជើញមកជូនពរឯកឧត្តមប្រធាន និងសហការីនៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងឱកាសនេះ។
ក្នុងនោះផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន VRG នាពេលកន្លងមក និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលជាផ្នែកមួយជួយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងជួយរឹតចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា



