
នគរបាលប៊ុលហ្គារី បានរកឃើញឃ្លាំងអាវុធមួយកន្លែង ដែលមានទំនាក់ទំនងជាមួយសមាជិកក្រុមហា ម៉ាសចំនួន៤នាក់ ដែលពីមុនត្រូវបានចាប់ខ្លួនពីបទសង្ស័យរៀបចំផែនការវាយប្រហារលើគោលដៅរបស់ជនជាតិជ្វីហ្វ នៅអឺរ៉ុប។
សមាជិក៤នាក់របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ត្រូវបានឃាត់ខ្លួន នៅប្រទេសអាល្លឺម៉ង់ និងហូឡង់ ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយរដ្ឋអាជ្ញាអាល្លឺម៉ង់ បានអះអាងថា ពួកគេកំពុងប្រមូលអាវុធ ដើម្បី «រក្សាទុកក្នុងការត្រៀម»សម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារភេរវកម្ម នាពេលអនាគត។
Der Spiegel ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ បានរាយការណ៍ថា នគរបាល បានរកឃើញរូបថតកាំភ្លើងខ្លី គ្រាប់រំសេវ និងទស្សនាវដ្តី នៅលើទូរស័ព្ទដៃជាកម្មសិទ្ធិរបស់បុរសម្នាក់កាលពីថ្ងៃពុធ ដែលនាំឲ្យក្រុមអ្នកស៊ើបអង្កេតទៅកាន់ឃ្លាំងស្តុកអាវុធមួយ នៅក្នុងប្រទេសប៊ុលហ្គារី។
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ជនសង្ស័យទាំង៤នាក់ មានជនជាតិអេហ្ស៊ីបម្នាក់ លីបង់ពីរនាក់ និងជនជាតិហូឡង់ម្នាក់ គឺជា «សមាជិកយូរឆ្នាំរបស់ក្រុមហាម៉ាស» ជាក្រុមដែលបានធ្វើការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលដែលបានបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា។
ពួកគេ បាននិយាយថា៖«អាវុធត្រូវយកទៅកាន់ទីក្រុងប៊ែរឡាំង ហើយរក្សាទុកក្នុងស្ថានភាពត្រៀម ជាស្រេច ដើម្បីធ្វើការវាយប្រហារភេរវកម្មដ៏មានសក្តានុពលប្រឆាំងនឹងស្ថាប័នជ្វីហ្វ នៅអឺរ៉ុប»។