
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា ការវាយប្រហារសងសឹកឥតឈប់ឈររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ៣៣.០០០ នាក់ និងរបួសជាង ៧៥.០០០ នាក់ទៀត ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធហាម៉ាស ទៅលើសហគមន៍អ៊ីស្រាអែល។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦២ នាក់ និងបង្ករបួស ៩១ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនោះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៣.០៣៧ នាក់ និងអ្នករបួសសរុបឡើងដល់ ៧៥.៦៦៨ នាក់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពបានបន្តប្រតិបត្តិការរបស់ពួកគេនៅតំបន់ហ្កាហ្សា ភាគកណ្តាល និងភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតនៅភាគខាងត្បូងអ៊ីស្រាអែល នៅថ្ងៃដដែលនោះ។
នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប យោធាអ៊ីស្រាអែលបានសម្លាប់បុគ្គលិកប្រដាប់អាវុធប៉ាឡេស្ទីនជាច្រើននាក់ ហើយបានបញ្ជូនអ្នកប្រយុទ្ធទៅវាយប្រហារទីតាំងយោធាមួយ ខណៈដែលនៅភាគខាងត្បូងនៃទីក្រុង ខាន់ យូនីស (Khan Yunis) បានរកឃើញឃ្លាំងអាវុធមួយកន្លែង និងវាយឆ្មក់ទីតាំងយោធាមួយចំនួន៕