ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តម៉ាកល្បីៗលើពិភពលោក និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកកាលពីថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover ឱ្យកាន់តែប្រសើរឡើង។
លោក Sajai Nalupurakkal ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia បានលើកឡើងថា ក្រុមហ៊ុនតែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និងការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់អតិថិជនជាស្នូល។ ដោយឡែក ករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លោកបានពន្យល់ថា មានហេតុផលជាច្រើន ដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្ត ការខូចទ្រនាប់ការពារ លេចធ្លាយ ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។
លោកបានបន្តថា ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នកបច្ចេកទេសដែលគ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការកែប្រែប្រព័ន្ធបង្ហូរប្រេង ដើម្បីដំណើរការជាមួយនិងលក្ខខណ្ឌប្រេងឥន្ធនៈផ្សេងៗក៏អាចនាំឱ្យឡើងកំដៅដែរ។ នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំងសារធាតុរាវរបស់វា ដូចជាប្រេង និងទឹកស្អំម៉ាស៊ីនកើនឡើងដល់សីតុណ្ហភាពខ្ពស់ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬប្រព័ន្ធបង្ហូរប្រេង ដែលជាហេតុនាំឲ្យមានភ្លើងឆេះ។
អតិថិជនម្នាក់ ដែលយករថយន្តមកជួសជុលផ្ទាល់នៅក្រុមហ៊ុន Land Rover Cambodia លោក គួច លេងឃាង បានបង្ហាញទស្សនៈថា លោកតែងតែទទួលបានការយកចិត្តទុកដាក់ពីផ្នែកសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឡាន ដូចជា ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងការឆែកប្រព័ន្ធសុវត្ថិភាពជាដើម ជាពិសេសពេលត្រូវដល់ពេលមកឆែកឬពេលត្រូវទៅឆ្ងាយម្តងៗ គឺមិនដែរបារម្ភទេ សឹងតែទិញឡានហើយចាំតែចាក់សាំង និងដូរប្រេងម៉ាស៊ីនតែប៉ុណ្ណោះ។

ជាមួយនេះលោក សៀង រិទ្ធ ប្រធានផ្នែករោងជាង បានចែករំលែកអំពីទំនុកចិត្តក្នុងការជួសជុលរថយន្តនេះដែរថា ក្រុមជំនាញដែលមានតុល្យភាពនៅក្នុងការផ្ដល់សេវាកម្មមេកានិក និងផ្នែករោគវិនិច្ឆ័យនៃកំហូចរថយន្តគឺត្រូវបានចុះឈ្មោះនៅក្នុងវេទិកាបណ្តុះបណ្តាល Land Rover ដោយបន្តការបណ្តុះបណ្តាលជាប្រចាំតាមរយៈថ្នាក់អនឡាញ និងរៀនដោយផ្ទាល់នៅក្នុងថ្នាក់នៅសាលាបណ្តុះបណ្តាល Land Rover ក្នុងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

