
បន្ទាប់ពីការស្លាប់របស់បុគ្គលិកសង្គ្រោះ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុងខាគីវ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានរិះគន់ការស្ទាក់ស្ទើររបស់ប្រទេសលោកខាងលិច ក្នុងការផ្តល់ជំនួយយោធាដល់ប្រទេសនេះថា មិនអាចទទួលយកបានទាំងស្រុង។
លោកហ្សេឡិនស្គី បាននិយាយនៅក្នុងសារវីដេអូពេលល្ងាចរបស់ខ្លួនដែលចាក់ផ្សាយនៅទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រព័ន្ធការពារដែនអាកាសថ្មីមួយ អាចផ្លាស់ប្តូរស្ថានភាពជាមូលដ្ឋានបាន»។
លោកបានថ្លែងថា លោកអរគុណចំពោះគ្រប់ប្រទេស ដែលកំពុងស្វែងរកមធ្យោបាយជួយអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ លោកបានបញ្ជាក់ថា៖«វាជារឿងមិនអាចទទួលយកបានទាំងស្រុងទេ ដែលប្រទេសជាច្រើននៅក្នុងពិភពលោក នៅតែគិតអំពីរបៀបដែលពួកគេអាចទប់ទល់នឹងភេរវកម្ម ទោះបីជាវាត្រូវការជាការសម្រេចចិត្តផ្នែកនយោបាយមួយចំនួនក៏ដោយ»។
ប្រទេសអ៊ុយក្រែន កំពុងអំពាវនាវសុំប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដូចជាប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក ដើម្បីការពារទីក្រុងរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងពីការវាយប្រហាររបស់រុស្ស៊ីស្ទើរតែរាល់ថ្ងៃ។
លោកបាននិយាយថា ការការពារដែនអាកាសដ៏រឹងមាំសម្រាប់ទីក្រុងខាគីវ និងតំបន់ដែលមានឈ្មោះដូចគ្នា ក៏ដូចជាតំបន់ Sumy និងតំបន់ភាគខាងត្បូង គឺជា«តម្រូវការបន្ទាន់បំផុត»។
លោកហ្សេឡិនស្គី បានរំលឹកថា មនុស្សម្នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើតំបន់លំនៅឋានមួយ កាលពីថ្ងៃព្រហស្បតិ៍។ នៅពេលដែលសេវាជួយសង្គ្រោះមកដល់ មានការវាយប្រហារតាមអាកាសលើកទី២ ដោយបានបណ្តាលឲ្យអ្នកធ្វើការផ្នែកសង្គ្រោះបន្ទាន់បីនាក់ ស្លាប់។