
ក្នុងពេលដែលការរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរភាគខាងកើតដ៏ស្រស់ស្អាត និងភាគច្រើនជាតំបន់ជនបទនៃទីក្រុង Hualien របស់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ (ទី៣ ខែមេសា) មន្ត្រីនៅមូលដ្ឋាន លោក Chang Tung-yao បានដឹងយ៉ាងច្បាស់ពីអ្វីដែលត្រូវធ្វើ ដោយទទួលបានបទពិសោធន៍ពីគ្រោះរញ្ជួយដីស្រដៀងគ្នានេះ កាលពី ៦ឆ្នាំមុន។
ក្នុងរង្វង់រយៈពេល ២ម៉ោងនៃការរញ្ជួយដីដែលបានកើតឡើងនៅមុនម៉ោង ៨ព្រឹក (ត្រូវនឹងម៉ោង ០០ ម៉ោងសកល) ខណៈដែលមនុស្សម្នាកំពុងត្រៀមខ្លួន ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន លោក Chang បាននិយាយថា ទីជំរកសង្គ្រោះបន្ទាន់ ត្រូវបានដំឡើងនៅសាលារៀនក្បែរនោះ ដោយអ្នកស្រុកជាង ១៣០នាក់ បានបញ្ចប់ការចំណាយពេលមួយយប់ នៅទីនោះ។
គិតចាប់តាំងពីមានការរញ្ជួយដីកម្រិត ៦,៤រ៉ិកទ័រ ក្នុងឆ្នាំ២០១៨ ដែលបណ្ដាលឲ្យមនុស្ស ៧នាក់ ស្លាប់ លោក Chang បាននិយាយថា អាជ្ញាធរក្នុងតំបន់បានពង្រឹងការសម្របសម្រួលជាមួយអង្គភាពរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ និងផ្ដល់ជំនួយសង្គ្រោះ។
លើកនេះ មន្ត្រី និងនគរបាលតំបន់ រួមជាមួយអង្គភាពផ្សេងទៀត ដែលបានជួយជម្លៀសអ្នកស្រុក នៅតំបន់រងផលប៉ះពាល់នៃទីប្រជុំជន Hualien បានធ្វើការរួមគ្នាដើម្បីបោសសម្អាតអគាររងខូចខាតមួយ មុនពេលវាអាចនឹងដួលរលំនៅក្នុងការរញ្ជួយដីតូចៗណាមួយក្រោយពីនោះ។ លោក Chang បាននិយាយថា៖ «គ្រប់គ្នាកំពុងធ្វើការងាររបស់ខ្លួន។ រដ្ឋបាលតំបន់ និងការិយាល័យរដ្ឋបាលមូលដ្ឋានបានធ្វើការរួមគ្នាដើម្បីកាត់បន្ថយការខូចខាតឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា មិនមែនជារឿងចម្លែកនោះទេសម្រាប់កោះតៃវ៉ាន់ ដែលជួបនឹងគ្រោះរញ្ជួយដី ដោយមានទីតាំងនៅជិតទីប្រសព្វនៃបន្ទះប្លាកែត២ ហើយភាគច្រើនត្រូវបានប្រមូលផ្តុំនៅតាមបណ្តោយតំបន់ដែលមានទេសភាពដ៏ស្រស់បំព្រង ដោយភាគច្រើនជាតំបន់ជនបទ និងឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅតិចតួច។
កាលពីឆ្នាំ២០១៦ ការរញ្ជួយដីនៅភាគខាងត្បូងកោះតៃវ៉ាន់ បានបណ្ដាលឲ្យមនុស្សជាង ១០០នាក់ ស្លាប់ ខណៈដែលការរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ បានឆក់យកជីវិតមនុស្សជាង ២.០០០នាក់ ក្នុងឆ្នាំ១៩៩៩៕