កំពង់ឆ្នាំង៖ ដើម្បីមានប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងសាលាស្រុកបរិបូណ៌ រដ្ឋបាលខេត្ត និងអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបើកការប្រជុំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់២ តំបន់៣ ព្រៃក្នុងដែនអភិរក្ស និងព្រៃសហគមន៍, ម្ចាស់គ្រឿងចក្រត្រាក់ទ័រ និងអាជ្ញាធរភូមិឃុំ ក្នុងស្រុកបរិបូណ៌ អោយយល់ និងគោរពច្បាប់ មុននឹងពួកគាត់សម្រេចធ្វើអ្វីមួយក្នុងតំបន់ហាមឃាត់ទាំងនោះ ធ្វើយ៉ាងណាត្រូវជៀសអោយផុតពីការប្រព្រឹត្តិបទល្មើសណាមួយដោយមិនបានដឹងពីច្បាប់។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ តបតាមវិធានការចាំបាច់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាពនោះ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវយល់អោយច្បាស់ពីតម្លៃនៃតំបន់ហាមឃាត់ ដូចជាតំបន់ព្រៃលិចទឹកតំបន់២ និងតំបន់៣ តំបន់ព្រៃសហគមន៍ ព្រៃលិចទឹកក្នុងដែនអភិរក្ស គឺធ្វើយ៉ាងណាជួយចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតឡើងក្នុងដែនព្រៃទាំងនោះ ជាពិសេសក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាបតែម្តង។ បើបងប្អូនមិនចូលរួមសហការថែរក្សាធនធានធម្មជាតិ ជីវចម្រុះ មច្ឆាជាតិ អោយបានគង់វង្សនោះទេ អ្នកដែលប៉ះពាល់ខ្លាំងជាងគេ គឺបងប្អូនដែលមានមុខរបរនេសាទតែម្តង វាមិនត្រឹមប៉ះពាល់ត្រឹមបងប្អូននោះទេ គឺប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់ក៏ប៉ះពាល់ផងដែរ ជាពិសេសកូនចៅយើងជំនាន់ក្រោយនឹងមិនស្គាល់ពីធនធានធម្មជាតិ ជីវចម្រុះ និងមច្ឆាជាតិយើងទៀតឡើយ។
នៅក្នុងពិធីនេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលដំបូងខេត្តកំពង់ឆ្នាំង បានពន្យល់ និងឆ្លើយទៅនឹងសំណួររបស់ប្រជាពលរដ្ឋជាច្រើននាក់ ដែលពួកគាត់ឆ្ងល់ និងចង់ដឹងពីច្បាប់នៅក្នុងតំបន់ហាមឃាត់ទាំងនោះ ធ្វើអោយប្រជាពលរដ្ឋយល់ដឹងពីច្បាប់នេះផងដែរ ។ កន្លងមក អយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអនុវត្តច្បាប់ទៅលើជនល្មើសកាប់ឈូសឆាយទន្ទ្រានព្រៃលិចទឹកចំនួន២ករណី ដោយក្នុងនោះមនុស្សចំនួន៥នាក់ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារខេត្តកំពង់ឆ្នាំង និងមួយចំនួនទៀតកំពុងមួយចំនួនទៀតកំពុងស្រាវជ្រាវ ៕ ដោយ ៖ កាំង ហុងវាស្នា







