ម៉ាឡេស៊ី៖ យោងតាមអគ្គនាយកចាត់ការទូទៅផ្នែកសុខភាព លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ករណីឆ្លងថ្មីនៃជំងឺ Covid-19 របស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះបន្តិចមកត្រឹម ១១.៩៨៥នាក់ពីចំនួន ១២.៣៦៦នាក់កាលពីម្សិលមិញ ខណៈដែលមានអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតដល់ទៅ ១៩៩នាក់។

មានការកើនឡើងចំនួន ៩៥១,៨៨៤ករណីត្រូវបានគេរកឃើញនៅក្នុងប្រទេសនេះ ចាប់តាំងពីជំងឺរាតត្បាតសកលចាប់ផ្ដើមផ្ទុះ។ រដ្ឋ Selangor នៅតែជារដ្ឋឆមានចំនួនអ្នកឆ្លងខ្ពស់បំផុតនៅថ្ងៃនេះគឺ ៥.៥៥០នាក់ ដែលនាំឱ្យករណីឆ្លងសរុបនៅក្នុងរដ្ឋកើនឡើងដល់ទៅ ៣៣៧.៨៩៧នាក់ដែលស្មើនឹង ៣៥.៥% នៃករណីឆ្លងសរុបនៅក្នុងប្រទេសម៉ាឡេស៊ី។ ទីក្រុងកូឡាឡាំពួរ ក៏បានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួនបួនខ្ទង់ផងដែរដោយមានចំនួន ១,១៧៤នាក់ ដែលនាំឱ្យការឆ្លងសរុបនៅក្នុងទីក្រុងនេះហក់ឡើងដល់ ១០១.៩២៦ករណី។
ចំនែកនៅរដ្ឋ Kedah មានករណីឆ្លងថ្មីចំនួន ៨០០នាក់ បន្ទាប់មករដ្ឋ Negeri Sembilan ចំនួន ៧៤៥នាក់, រដ្ឋ Johor ចំនួន ៦៤៤នាក់, រដ្ឋ Pahang ចំនួន ៦០៣នាក់, រដ្ឋ Sabah ចំនួន ៤៧៤នាក់, រដ្ឋ Melaka ចំនួន ៤៥៣នាក់, រដ្ឋ Kelantan ចំនួន ៣៨៦នាក់, រដ្ឋ Penang ចំនួន ៣៦២នាក់, រដ្ឋ Perak ចំនួន ២៧៤នាក់, រដ្ឋ Sarawak ចំនួន ២៦១នាក់ និងរដ្ឋ Terengganu មានចំនួន ១៧១នាក់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងវីរុស Covid-19 សរុបចំនួន ៩៥១,៨៨៤នាក់ និងស្លាប់ចំនួន ៧,៤៤០នាក់៕
អត្ថបទ៖ សុខមាន