ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងគម្រោងឆ្នាំ២០២៣-២០៣៣ ក្រសួងសាធារណការ គ្រោងសាងសង់ផ្លូវដែកចំនួន ៨គម្រោងធំៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តសំខាន់ៗមួយចំនួន ដើម្បីជួយកាត់បន្ថយការកក់ស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើរ និងដឹកទំនិញ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានផ្លូវរថភ្លើងចំនួន២ខ្សែ គឺចាប់ពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ចំនួន១ខ្សែ មានប្រវែង ៣៨៦គីឡូម៉ែត្រ និងពីភ្នំពេញ ទៅខេត្តព្រះសីហនុ ១ខ្សែ មានប្រវែងចំនួន ២៦៦គីឡូម៉ែត្រ សរុបចំនួន ៦៥២គីឡូម៉ែត្រ ហើយមានផ្លូវឆ្លងកាត់ចំនួន ៩៧៥កន្លែង ។
ឯកឧត្តមបានបន្តថា នៅក្នុងផែនការមេរបស់ក្រសួង ឆ្នាំ២០២៣-២០៣៣ វិស័យផ្លូវដែកមានចំនួន ៨គម្រោងធំៗ ដោយ៣គម្រោង ស្ថិតនៅក្នុងរយៈពេលមធ្យម (២០២៣-២០២៧) ហើយគម្រោងចំនួន៥ទៀត អនុវត្តសម្រាប់រយៈពេលវែង ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣៣ ។
ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ចំពោះគម្រោងសាងសង់ផ្លូវដែកនេះ គឺមានអត្ថប្រយោជន៍ច្រើន ដូចជាកាត់បន្ថយពេលវេលា, ថ្លៃដឹកជញ្ជូន ព្រោះផ្លូវដែកមានប្រសិទ្ធភាពជាផ្លូវគោក ដោយអាចដឹកទំនិញបានរាប់រយតោន, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកាត់បន្ថយការកក់ស្ទះចរាចរណ៍ជាដើម ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក គឺក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងមានការដាក់បន្ថែមប៉ារ៉ាស់តាមផ្លូវប្រសព្វ ក៏ដូចជាបិទនូវផ្លូវប្រសព្វ ដែលមិនចាំបាច់មួយចំនួន រួមជាមួយនឹងការដាក់នូវស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ។
ជាមួយនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធររាជធានីខេត្ត ជាពិសេសអាជ្ញាធមូលដ្ឋាន ដែលនៅជាប់ផ្លូវដែក ត្រូវបន្តជួយផ្សព្វផ្សាយពីបញ្ហាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ផ្លូវដែកទៅដល់ប្រជាពលរដ្ឋបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៕
អត្ថបទ៖ បាន សុខរិទ្ធិ

