
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជិត ១០០នាក់ នៅលើសាឡាង ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីសាឡាងដឹកអ្នកដំណើរពេលយប់នោះ បានឆេះនៅភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Thai PBS អគ្គិភ័យនោះបានឆាបឆេះឡើង នៅម៉ោងប្រហែល ៦:៤០នាទីព្រឹក ដោយមានចម្ងាយប្រហែល ២ម៉ាយល៍ (ជាង ៣គីឡូម៉ែត្រ) ពីម្ដុំកោះទេសចរណ៍ដ៏ពេញនិយម គឺកោះតៅ ក្នុងឈូងសមុទ្រថៃ។ សាឡាងនេះ ដែលដឹកអ្នកដំណើរ ៩០នាក់ និងនាវិក ៨នាក់នោះ កំពុងធ្វើដំណើរពីខេត្តស៊ូរ៉ាតថានីទៅកាន់កោះនោះ។
អគ្គនាយកនៃនាយកដ្ឋានសមុទ្រលោក Kritpetch Chaichuay (ក្រីតភិច ឆៃឈួយ) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Thai PBS ថា ទូកនៅក្បែរៗ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះអ្នកដំណើរ និងនាវិក ហើយមនុស្សទាំងអស់នៅលើនោះ ត្រូវបាននាំយកទៅកន្លែងសុវត្ថិភាព។
លោកបានបន្ថែមថា អណ្ដាតភ្លើង ដែលឆាបឆេះពីក្នុងបន្ទប់ម៉ាស៊ីននោះ ក្រោយមកអាចគ្រប់គ្រងបាន ហើយមូលហេតុនៃឧបទ្ទវហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត៕