
ក្រុមហ៊ុនអាល្លឺម៉ង់យ៉ាងតិចពីរ ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការកសាងទីក្រុងMariupol របស់រុស្ស៊ី ឡើងវិញ ជាគម្រោងមួយដែលវិមានក្រឹមឡាំង កំពុងប្រើប្រាស់ ដើម្បីពង្រឹងការទាមទាររបស់ខ្លួនចំពោះទឹកដីដែលបានបញ្ចូលជាឧបសម្ព័ន្ធដោយខុសច្បាប់។
ប្រព័ន្ធអាល្លឺម៉ង់ផ្សព្វផ្សាអាល្លឺម៉ង់ ARD បានរាយការណ៍ថា Knauf ជាក្រុមហ៊ុនផលិតស៊ីម៉ងត៍អាល្លឺម៉ង់ និង ក្រុមហ៊ុន WKB Systems ជាក្រុមផលិតបេតុងមកពីតំបន់ Rhine បានបញ្ជូនសម្ភារៈទៅឲ្យក្រុមហ៊ុនសំណង់ដែលកំពុងធ្វើការ នៅក្នុងទីក្រុងនេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានរកឃើញភ័ស្តុតាងរូបថត ដែលបាវស៊ីម៉ងត៍ដែលមានស្លាកសញ្ញា Knauf ត្រូវបានចងព្យួរនៅកន្លែងសាងសង់ក្នុងទីក្រុងដែលរុស្ស៊ីកាន់កាប់ បន្ទាប់ពីការឡោមព័ទ្ធដ៏បង្ហូរឈាម និងយ៉ាងយូរ ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុនសំណង់មួយដែលធ្វើការដោយមានកិច្ចសន្យាពីក្រសួងការពារជាតិរុស្ស៊ី ក៏បានផ្សព្វផ្សាយអំពីការពិតដែលថា ខ្លួនកំពុងប្រើប្រាស់ស៊ីម៉ងត៍របស់ក្រុមហ៊ុន Knauf នៅក្នុងការសាងសង់នេះ។
ទោះបីជាមានសម្ពាធដាក់លើក្រុមហ៊ុនអាល្លឺម៉ង់ឲ្យកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី បន្ទាប់ពីការលុកលុយឆ្នាំ ២០២២ ក៏ដោយ ក៏ក្រុមហ៊ុន Knauf បានរក្សារោងចក្រនៅទីនោះ ដែលមានបុគ្គលិកប្រហែល ៤.000នាក់។
លោក Nikolaus Knauf ដែលជាប្រធានក្រុមហ៊ុននេះ គឺជាកុងស៊ុលកិត្តិយសសម្រាប់ប្រទេសរុស្ស៊ីអស់ រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានគេថតរូបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ។
ក្រុមហ៊ុននេះ បាននិយាយជាការឆ្លើយតបថា ខ្លួនផលិតស៊ីម៉ងត៍ នៅក្នុងប្រទេសរុស្ស៊ី «សម្រាប់តែទីផ្សារ រុស្ស៊ី»ប៉ុណ្ណោះ។