បាល់ទាត់៖ ការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីរបស់ Manchester City ដែលគ្រោងជួបជាមួយក្លិបបារាំង Troyes នោះត្រូវបានលុបចោលហើយ ដោយសារវិធានការរឹតបន្តឹងថ្មីក្នុងការធ្វើដំណើរចូលទឹកដីបារាំង។
វិធានការរបស់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះ គឺអ្នកដំណើរដែលទៅដល់ទឹកដីបារាំងត្រលប់មកវិញត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃដែលធ្វើឱ្យមានការលំបាកសំរាប់ Manchester City ក្នុងការត្រៀមខ្លួនរដូវកាលថ្មី។ ជំនួបរវាង Troyes ទទួល Manchester City គ្រោងធ្វើនៅថ្ងៃទី៣១ ខែកក្កដានេះ។ ជាមួយគ្នានោះដែរជំនួបមិត្តភាពរបស់ Manchester City ទទួល Preston នៅថ្ងៃទី២៧ កក្កដានេះនឹងត្រូវប្រកួតបិទទ្វារផងដែរ បន្ទាប់ពីមជ្ឈមណ្ឌលសាលាបាល់ទាត់របស់ក្លិបត្រូវបានបិទតាំងពីថ្ងៃទី១៦ ដោយសារមានករណីផ្ទុះឆ្លងក្នុងនោះ។ Manchester City នឹងចាប់ផ្ដើមរដូវកាលថ្មី English Premier League នៅថ្ងៃទី១៥ ខែសីហានៅទឹកដី Tottenham Hotspur បន្ទាប់ពីជួបជាមួយ Leicester City នៅថ្ងៃទី៧ នៅ Wembley ពានរង្វាន់ Community Shield៕
អត្ថបទ៖នាង សុភាវុធ