
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងកែប្រែយុទ្ធសាស្ត្រ នៅតំបន់ហ្កាហ្សា បន្ទាប់ពីការបាញ់សម្លាប់បុគ្គលិកជំនួយ ៧នាក់ នៅក្នុងការវាយប្រហារតាមអាកាស ដែលយោធារបស់ខ្លួន បានទទួលស្គាល់ថា ជាកំហុសដ៏ធំមួយ ហើយលទ្ធផលនៃការស៊ើបអង្កេត នឹងត្រូវបានបង្ហាញជាសាធារណៈ ក្នុងពេលឆាប់ៗនេះ។
ឧប្បត្តិហេតុកាលពីថ្ងៃចន្ទ បានធ្វើឲ្យលោកខាងលិចការខឹងសម្បាចំពោះចំនួនស្លាប់ជនស៊ីវិល ដែលកំពុងកើនឡើង នៅក្នុងដែនដីប៉ាឡេស្ទីន ជាពិសេសនៅពេលដែលបុគ្គលិករបស់អង្គការ World Central Kitchen ( WCK) ដែលត្រូវបានសម្លាប់រួមមានពលរដ្ឋអូស្ត្រាលី អង់គ្លេស និងប៉ូឡូញ រួមជាមួយជនជាតិអាមេរិក-កាណាដា។
យ៉ាងហោចណាស់បុគ្គលិកមនុស្សធម៌ ១៩៦នាក់ ត្រូវបានសម្លាប់ នៅហ្កាហ្សា ចាប់តាំងពីខែតុលាមក នេះបើយោងតាមអង្គការសហប្រជាជាតិ។
មេដឹកនាំអ៊ីស្រាអែល បានសម្តែងការសោកសៅចំពោះអ្វីដែលយោធាហៅថា ជា «កំហុសធ្ងន់ធ្ងរ» បន្ទាប់ពីការកំណត់អត្តសញ្ញាណខុសទៅលើក្បួនរថយន្តរបស់ WCK នៅពេលយប់ នៅក្នុងតំបន់ប្រយុទ្ធដ៏ស្មុកស្មាញមួយ។
ស្ថាបនិកអង្គការសប្បុរសធម៌ Chef Jose Andres បាននិយាយថា ក្បួនរថយន្តនេះ ត្រូវបានកំណត់គោលដៅជាប្រព័ន្ធ ទោះបីជាយោធាអ៊ីស្រាអែលដឹងពីការធ្វើដំណើររបស់បុគ្គលិកខ្លួនក៏ដោយ។
ដោយត្រូវស្នើឲ្យឆ្លើយតបនោះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Raquela Karamson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«នេះមិនមែនជាចេតនាទេ»។