
អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមេសា ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅ UN លោក Hwang Joon-kook បាននិយាយថា កុមារនៅកូរ៉េខាងជើងប្រឈមនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមទាំងការទទួលទោសប្រហារជីវិតផងដែរ ពាក់ព័ន្ធនឹងការចែកចាយខ្សែភាពយន្តភាគរបស់កូរ៉េខាងត្បូង។
អំឡុងសន្និសីទរបស់ UNSC ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ លោក Hwang បាននិយាយថា កុមារនៅកូរ៉េខាងជើងប្រឈមនឹង «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរខុសពីធម្មតា» ទោះបីជាកូរ៉េខាងជើងជាប្រទេសហត្ថលេខីមួយនៃអនុសញ្ញាស្តីពីសិទ្ធិកុមារក៏ដោយ។
ដោយសំដៅទៅកូរ៉េខាងជើងដោយឈ្មោះផ្លូវការរបស់ប្រទេសនេះ គឺសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) លោក Hwang បាននិយាយថា៖ «យោងតាមប្រភពសាធារណៈជាច្រើន ក្នុងនោះរួមទាំងសក្ខីកម្មរបស់អ្នករត់ភៀសខ្លួនចេញពីប្រទេសផងដែរនោះ បានឲ្យដឹងថា កុមារនៅ DPRK ត្រូវបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរខុសពីប្រក្រតី ដោយក្នុងនោះរួមទាំងការកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងការចែកចាយខ្សែភាពយន្តភាគកូរ៉េខាងត្បូងផងដែរ ការឃុំខ្លួននៅក្នុងពន្ធនាគារនយោបាយរួមជាមួយសមាជិកគ្រួសាររបស់ពួកគេជាការដាក់ទណ្ឌកម្មរួម និងការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់ទីកន្លែង»។
ជាមួយគ្នានេះ លោកបានបន្ថែមទៀតថា កុមារកូរ៉េខាងជើងកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ដោយសារការដឹកនាំរបស់ប្រទេសនេះ បានចំណាយធនធានរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក ហើយនិងសម្ភារប្រណិតៗ។ លើសពីនេះទៀត ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយអង្គការយូនីសេហ្វ អង្គការសុខភាពពិភពលោក និងក្រុមធនាគារពិភពលោក លោក Hwang បានកត់សម្គាល់ថា៖ «១៧ភាគរយនៃកុមារនៅ DPRK ត្រូវបានរាយការណ៍ថា មានបញ្ហាចំពោះការធំធាត់ដោយសារតែកង្វះអាហារូបត្ថម្ភ»៕