ប្រជាជនភៀសខ្លួនបាននិយាយថា ពួកគេភ័យខ្លាចមិនហ៊ានត្រឡប់ទៅលំនៅឋានវិញទេ នៅថ្ងៃសៅរ៍ ទី៦ ខែមេសានេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ បណ្តាលឲ្យបាក់រលំអគារ និងធ្វើឱ្យលំនៅឋានជាច្រើនខ្នងគ្មានសុវត្ថិភាពក្នុងការរស់នៅ ខណៈរំញ័ររញ្ជួយដីនៅតែបន្តវាយប្រហារតំបន់ភាគខាងកើតរបស់កោះនេះ។

លោក Adam Yu ជាអ្នកជម្លៀសខ្លួនមានអាយុ ៧០ ឆ្នាំបាននិយាយថា រំញ័ររញ្ជួយដីនៅបន្ត លោកមិនដឹងថាពេលណាវានឹងឈប់នោះទេ ដូច្នេះលោកគិតថាវា ពុំមានសុវត្ថិភាពឡើយ។
គ្រោះរញ្ជួយដី កាលពីថ្ងៃពុធ ទី០៣ ខែមេសា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងរងរបួសជាងមួយពាន់នាក់។
រដ្ឋាភិបាលតំបន់ ហ័រលៀន(Hualien) បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា អគារចំនួន ២០១កន្លែង ត្រូវបានបំផ្លាញដោយរញ្ជួយដី ហើយមនុស្ស ១៥០ នាក់ត្រូវស្នាក់នៅក្នុងទីជម្រក។
ក្រសួងពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសុក្រ ទី ៥ ខែមេសា ថា សាកសពពីរនាក់បន្ថែមទៀត ត្រូវបានរកឃើញនៅតំបន់ភ្នំនៃតំបន់ Hualien ដោយធ្វើឱ្យចំនួនអ្នកបាត់ខ្លួនមានចំនួន ១៣ នាក់ ក្នុងនោះ ៣ នាក់ជាជនបរទេស ដែលមានសញ្ជាតិអូស្ត្រាលី និងកាណាដា។
