ប្រណាំងម៉ូតូ៖ អតីតកីឡាករប្រណាំងម៉ូតូ GP, Dani Pedrosa នឹងវិលពីចូលនិវត្តន៍មកទីលានប្រណាំងវិញ នៅខែសីហាខាងមុខនេះនៅទឹកដីអូទ្រីស នេះបើតាមការបញ្ជាក់របស់ក្រុមប្រណាំង KTM។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានចូលនិវត្តន៍ពីម៉ូតូ GP នៅដំណាច់ឆ្នាំ២០១៨ តែក៏មិនទាន់ទៅណាឆ្ងាយពីម៉ូតូដែរ ដោយនៅជាអ្នកជិះសាកល្បងឱ្យក្រុម KTM។ Dani Pedrosa ធ្លាប់ជាជើងឯករងពិភពលោក ៣លើកលើប្រភេទម៉ូតូ GP នេះ ដោយធ្លាប់ឈ្នះចំនួន ៣៦ទីលានក្នុងអាជីពជាមួយក្រុងហុងដាចន្លោះឆ្នាំ២០០៦-២០១៨។ តែនៅប្រភេទម៉ូតូ 250cc, Pedrosa ធ្លាប់ឈ្នះជើងឯកពិភពលោក ២លើក និងជើងឯកពិភពលោកប្រភេទម៉ូតូ 125cc មួយលើក។ ការប្រកួតម៉ូតូ GP នៅទឹកដីអូទ្រីស Red Bull Styrian Grand Prix នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា៕
អត្ថបទ៖នាង សុភាវុធ