យោងតាមអភិបាលតំបន់បាននិយាយឲ្យដឹងថា ការផ្ទុះកើតចេញពីការវាយប្រហាររបស់រុស្ស៊ីនៅតំបន់ Zaporizhzhia របស់អ៊ុយក្រែន កាលពីថ្ងៃសុក្រ។
រុស្ស៊ី បានបាញ់មីស៊ីលចំនួនប្រាំគ្រាប់ក្នុងការវាយប្រហារចំនួនពីរលើកដាច់ដោយឡែកពីគ្នាប្រហែល ៤០ នាទី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងបំផ្លាញអគារលំនៅឋានជាច្រើនខ្នង និងទីតាំងឧស្សាហកម្មមួយកន្លែង។

ការបំផ្ទុះបានកើតឡើង ខណៈក្រុមអ្នកសារព័ត៌មាន កំពុងថតការខូចខាតពីដោយការវាយប្រហារនៅជុំទីមួយ។ មនុស្ស ១៣នាក់ បានរងរបួស រួមមានក្មេងប្រុសម្នាក់ និងអ្នកសារព័ត៌មានពីរនាក់ ហើយ មនុស្សបួននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
កងទ័ពអាកាសអ៊ុយក្រែន បានចេញការប្រកាសអាសន្នអំពីការវាយឆ្មក់ដោយមីស៊ីលបាលីស្ទីកសម្រាប់តំបន់នេះ ដែលផ្នែកមួយត្រូវបានកាន់កាប់ដោយរុស្ស៊ី។
កាលពីថ្មីៗនេះ ទីក្រុងមូស្គូ បានបង្កើនការប្រើប្រាស់អាវុធរបស់ខ្លួន ដែលពិបាកក្នុងការស្ទាក់ចាប់។ កាលពីពេលមុន មន្ត្រីរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលរោងចក្រនេះមានទីតាំងនៅភាគនិរតីទីក្រុង និងកាន់កាប់ដោយកងទ័ពរុស្ស៊ី។
នៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានចូលគ្រប់គ្រងក្រុង Vodyane ប៉ុន្តែសារព័ត៌មានReuters ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវសេចក្តីថ្លែងការណ៍របស់ក្រសួងបានឡើយ។
យោធាអ៊ុយក្រែន បានទទួលស្គាល់ស្ថានភាពសមរភូមិនៅជិតក្រុង Chasiv Yar ថាមានស្ថានភាព តឹងតែង ប៉ុន្តែបានបដិសេធការរុលចូលទៅមុខរបស់រុស្ស៊ី នៅក្នុងទីក្រុងនេះ។
