ជើងហោះហើរជាង ១០០វ៉ុល ត្រូវបានពន្យារពេល ឬលុបចោល នៅអាកាសយានដ្ឋានស៊ីដនី (Sydney Airport) កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) ដោយសារអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ បានបន្តមានឥទ្ធិពល ចំពោះរដ្ឋ New South Wales ភាគខាងកើតនៃប្រទេសអូស្ត្រាលី។

អាកាសធាតុអាក្រក់ធ្ងន់ធ្ងរនេះ បានបណ្ដាលឲ្យមានភ្លៀងធ្លាក់ឥតឈប់ឈរ និងខ្យល់បោកបក់ខ្លាំងដែលបង្កឲ្យមានជាទឹកជំនន់ និងការរំខាន នៅទូទាំងរដ្ឋ New South Wales ក្នុងនោះរួមទាំងនៅទីក្រុងស៊ីដនី ដែលជារដ្ឋធានីរបស់រដ្ឋនេះផងដែរ។
គិតត្រឹមម៉ោង ១៤:៣០នាទី ម៉ោងក្នុងស្រុក ជើងហោះហើរអន្តរជាតិចំនួន ៦វ៉ុល និងជើងហោះហើរក្នុងស្រុកចំនួន ១០៩វ៉ុល ត្រូវបានលុបចោលរួចហើយ។ ដោយសារតែការលុបចោល និងការពន្យារពេលជើងហោះហើរ អ្នកដំណើរជាច្រើនត្រូវបានជាប់នៅព្រលានយន្តហោះនោះ។

គិតត្រឹមល្ងាចថ្ងៃសុក្រ តំបន់ជុំវិញទីក្រុងស៊ីដនីក្នុងរដ្ឋ New South Wales ឃើញមានកម្រិតភ្លៀងធ្លាក់ដល់ ១៦០មីលីម៉ែត្រ ក្នុងរយៈពេល ៤៨ម៉ោង ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំ។ ជាមួយគ្នានេះ ភ្លៀងក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ និងការធ្វើដំណើររបស់អ្នកស្រុកផងដែរ ដោយតំបន់មួយចំនួន បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី និងទឹក។ ក្រៅពីនេះ ផ្លូវជាច្រើនត្រូវបានបិទ ខណៈខ្សែរថភ្លើងជាច្រើនត្រូវបានពន្យារពេល។ លើសពីនេះទៀត យ៉ាងហោចណាស់សាលារៀនចំនួន ១០កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន។
នាយកដ្ឋានឧតុនិយមក្នុងតំបន់បានព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងស្ថានភាពអាកាសធាតុអាក្រក់ធ្ងន់ធ្ងរនេះ ត្រូវបានរំពឹងថា នឹងបន្តមាននៅតំបន់មួយចំនួននៃរដ្ឋ New South Wales រហូតដល់ថ្ងៃអាទិត្យ៕
