បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ គ.ស២០២៤ មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ ក្រុមការងារ មេបញ្ជាការកងកម្លាំងព្រមទាំងបីប្រភេទ លោក លោកស្រីមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកបាន ចូលរួមប្រារព្ធធ្វើនៅបរិវេណសាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុំ រាត្រី ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងដឹងគុណដ៏កក់ក្តៅជាទីបំផុត ចំពោះកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តបន្ទាយមានជ័យ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងកិច្ចការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ការពារបុព្វហេតុជាតិមាតុភូមិរហូតដល់កម្ពុជាទទួលបានសុខសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា កងកម្លាំង គឺជារបាំងការពារដ៏រឹងមាំក្នុងបុព្វហេតុជាតិ មាតុភូមិនៃយើង ដែលជា និច្ចកាល តែងតែបានសច្ចាប្រណិធានជាប់ជានិច្ចនូវស្មារតី គោរពស្រឡាញ់ ការពារ ជាតិ សាសនា និងព្រះមហាក្សត្រ ប្រយុទ្ធទប់ទល់ជាមួយខ្មាំងសត្រូវ រក្សាបូរណភាពដែនដីនៃព្រះរាជាណាចក្រ អច្ឆរិយៈនៃយើង។

ឯកឧត្តម ឌិត ទីណា ក៏បានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈគោលដៅដ៏សំខាន់ គឺចង់ឱ្យសេវាសាធារណៈ ខេត្តបន្ទាយមានជ័យក្លាយទៅជាសេវាសាធារណៈល្អដាច់គេនៅក្នុងទូទាំងប្រទេស ដោយឡែកការការពារសន្តិសុខក៏ជាសេវាសាធារណៈមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការការពារជាតិ ដែលយេីងត្រូវយកចិត្តទុកដាក់ផងដែរ៕ អត្ថបទ រឿង ចន្ទ្រា


