អង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន និងអង្គការ អុកស្វាម បានរួមគ្នារៀបចំពិព័រណ៍ «ឥទ្ធិពលនៃបរិយាបន្ន» ក្នុងគោលបំណងអបអរសារទរខួប ៨ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ វឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានជាមួយអង្គការដៃគូ និងក្រុមគោលដៅ និងការសម្រេចបានជោគជ័យគួរជាទីមោទននៃគម្រោង វ៉យ ក្នុងប្រទេសកម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម នៅក្នុងកម្មវិធីកាលពីរសៀលនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីលើកកម្ពស់ និងពង្រឹងការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីបរិយាបន្ន និងភាពចម្រុះ ដោយបានពង្រឹងភាពអង់អាចដល់សហគមន៍ដែលធ្វើការជាមួយ ដើម្បីជំរុញពួកគេមានលទ្ធភាពចូលរួមយ៉ាងពេញលេញលើគ្រប់កម្រិត និងនៅក្នុងវេទិកានានា ចាប់ផ្តើមពីកម្រិតការអភិវឌ្ឍន៍សហគមន៍ រហូតដល់កិច្ចពិភាក្សាកម្រិតគោលនយោបាយ ដោយឈរទៅលើគោលការណ៍ "បរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ទាក់ទិននឹង វ៉យ លោកស្រីនាយិកា បានបញ្ជាក់ថា គឺជាកម្មវិធីផ្តល់ជំនួយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រមនុស្ស និងក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង ដើម្បីពួកគេមានលទ្ធភាព និងឥទ្ធិពល ទទួលបានធនធានសម្រាប់បង្កើនផលិតភាព ទទួលបានសេវាសង្គម និងឱកាសចូលរួមក្នុងការធ្វើសេចក្តីសំរេចលើការអភិវឌ្ឍកម្រិតគោលនយោបាយ។ កម្មវិធី វ៉យ នេះដែរ មានគោលបំណងពង្រឹងសមត្ថភាព និងភាពអង់អាចរបស់អង្គការសង្គមស៊ីវិលតំណាងឲ្យក្រុមគោលដៅដែលងាយរងគ្រោះ និងក្រុមដែលមានសម្លេងភាគតិច ដើម្បីមានឥទ្ធិពលក្នុងការស្វែងរកមតិគាំទ្រ និងដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានឮ និងឆ្លើយតប។

លោក ស៊ូ សុជាតិ នាយកប្រតិបត្តិរបស់អង្គការ Live & Learn Cambodia បានលើកឡើងថា ពិតជាមានសារៈសំខាន់ណាស់ដែលមនុស្ស ឬក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង មានកន្លែងសម្រាប់បញ្ចេញនិងលើកឡើងនូវកង្វល់របស់ពួកគេ ដើម្បីដោះស្រាយតម្រូវការ និងអាទិភាពរបស់ពួកគេ។ លោកបានបន្តថា មានមោទនភាពក្នុងការសម្របសម្រួលបង្កើតជាកន្លែង និងការផ្តល់ឱ្យអង្គការដៃគូ និងក្រុមគោលដៅនូវឱកាសសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យពេញលេញ និងការទំនាក់ទំនងគ្នាទៅវិញទៅមក រួមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះដែរ ក៏មានការតាំងបង្ហាញស្តង់ពិព័រណ៍, សិក្ខាសាលាចែករំលែក និងរៀនសូត្រ, សកម្មភាពជាក្រុម និងការដាក់បង្ហាញសមិទ្ធផលនៃគម្រោង ពីដៃអង្គការដៃគូទាំង២៦ របស់កម្មវិធី វ៉យវគ្គទី២ (២០២១-២០២៤)។ តាមរយៈការបង្ហាញសាច់រឿង, ការជជែកពិភាក្សា និងការសម្តែង និងលើកឡើងអំពីដំណើរវិវត្តន៍ឆ្ពោះទៅកាន់បរិយាបន្នរបស់សហគមន៍នៃក្រុមគោលដៅទាំងអស់ រួមមានក្រុមជនមានពិការភាព ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សវ័យចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច៕ អត្ថបទ៖ ឈិត បូរ៉ាវី







