ប្រធានាធិបតីអាមេរិកលោក Joe Biden បានទៅមើលកន្លែងគ្រោះមហន្តរាយ នៅស្ពាន Francis Scott Key កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) ហើយលោកប្តេជ្ញាផ្តល់មូលនិធិ ដើម្បីសាងសង់ស្ពានឡើងវិញ។ ប៉ុន្តែបញ្ហានៅត្រង់ថា តើគណបក្សសាធារណរដ្ឋនឹងព្រមស្របតាម ឬអត់?

ស្ថានភាពប្រឈមនឹងគ្រោះថ្នាក់មានកម្រិតខ្ពស់ នៅពេលដែលអាជ្ញាធរធ្វើការបោសសម្អាតដែក និងបេតុងរាប់តោនពីទន្លេ Patapsco បន្ទាប់ពីស្ពាននេះបានបាក់រលំ ក្រោយត្រូវបានបុកដោយនាវាដឹកទំនិញដែលមានទង់ជាតិសិង្ហបុរី កាលពីថ្ងៃទី២៦ ខែមីនា ជាអ្វីដែលត្រូវបានគេជឿថា ជាគ្រោះមហន្តរាយ ដែលធ្វើខាតបង់ទឹកប្រាក់ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការដឹកជញ្ជូនតាមសមុទ្រ។
បន្ទាប់ពីបានមើលពីលើអាកាស លោក Biden បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ពីលើអាកាស ខ្ញុំបានឃើញស្ពានបាក់ដាច់ពីគ្នា ប៉ុន្តែនៅទីនេះ នៅលើដី ខ្ញុំឃើញសហគមន៍រួបរួមគ្នាជាធ្លុងមួយ»។
អំឡុងពេលធ្វើដំណើរមើលទីកន្លែងកើតហេតុការណ៍របស់លោកប្រធានាធិបតីនោះ ក្រុមមន្ត្រីបានប្រកាសថា កំពង់ផែរបស់ទីក្រុង Baltimore ដែលជាកំពង់ផែមានសកម្មភាពមមាញឹកបំផុតទី១១ នៅក្នុងប្រទេស នឹងដំណើរការពេញលេញ នៅចុងខែឧសភានេះ។
លោក Biden បានអះអាងសារជាថ្មីនូវការសន្យារបស់លោកថា រដ្ឋាភិបាលសហព័ន្ធ នឹងចំណាយថវិកាទាំងស្រុង ដើម្បីសាងសង់ស្ពាននេះឡើងវិញ ដែលបានបាក់រលំ នៅពេលដែលនាវាកុងតឺន័រ Dali បានគាំងប្រព័ន្ធម៉ាស៊ីន ហើយបានរសាត់គ្មានទិសដៅ មុនពេលទៅបុកស្ពាន ដែលមានផ្លូវ ៤គន្លង ប្រវែង ២,៦គីឡូម៉ែត្រ។
ដោយស្របតាមមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យ លោក Biden បាននិយាយបន្ថែមថា៖ «យើងនឹងប្រឹងប្រែងធ្វើការឲ្យអស់លទ្ធភាព ដើម្បីសាងសង់ស្ពាននេះឡើងវិញឲ្យបានឆាប់តាមដែលមនុស្សអាចធ្វើបាន»។
តែយ៉ាងណាក្ដី វានឹងមានការជជែកគ្នារយៈពេលយូរទៀត អំពីថា តើអ្នកណានឹងចេញថ្លៃចំណាយ សម្រាប់ការខាតបង់នេះ ក្នុងនោះរួមទាំងការចំណាយលើការកសាងស្ពានឡើងវិញ ការជួសជុលនាវា Dali និងសំណងដល់ក្រុមហ៊ុន សម្រាប់ការរំខានដល់ប្រតិបត្តិការកំពង់ផែ។
Morningstar DBRS ដែលជាទីភ្នាក់ងារវាយតម្លៃឥណទានសកល បានឲ្យដឹងថា ការខាតបង់ដែលមានការធានារ៉ាប់រងអាចមានរហូតដល់ ៤ពាន់លានដុល្លារ អាស្រ័យលើថា តើរយៈពេលដែលកំពង់ផែមិនអាចដំណើរការបានយូរប៉ុនណា។ ចំណែកធនាគារ Barclays បានប៉ាន់ប្រមាណថា ក្រុមហ៊ុនធានារ៉ាប់រងប្រឈមនឹងការទាមទារសំណងរហូតដល់ ៣ពាន់លានដុល្លារ៕
