និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងបណ្តាក្រុមហ៊ុនធានារ៉ាប់រង បានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួនបី ដើម្បីជាធាតុចូលនៅក្នុងការបង្កើនកិច្ចសហការ និងដោះស្រាយបញ្ហាប្រឈមនានា។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ឆ្នាំ២០២៤ នេះរៀបចំឡើងក្នុងគោលបំណង បង្កើនកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជនដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច និងផ្តល់ឱកាសជូនវិស័យឯកជនបង្ហាញពីផលវិបាក បញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងការប្រកបអាជីវកម្មកន្លងមក ដើម្បីស្វែងយល់ និងរកដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រីកសក្តានុពល ក៏ដូចជាបង្កើនការយល់ដឹងអំពីវិស័យធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅផងដែរ។

ក្នុងការបញ្ចៀស ហានិភ័យនានាដែលនឹងអាចកើតមានក្នុងពេលអនាគត ហើយជាលទ្ធផលវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង គ.ស.២០២៤ បានដោះស្រាយ និងឯកភាពលើ ៣ចំណុចរួមមាន៖ ទី១ ឯកភាពជំរុញការអនុវត្តបទប្បញ្ញត្តិជាធរមានចំពោះឯកសារ និងលក្ខខណ្ឌតម្រូវ។ ទី២ ឯកភាពផ្តល់រយៈពេលគ្រប់គ្រាន់ដល់គ្រឹះស្ថានធានារ៉ាប់រងក្នុងការពិនិត្យ និងផ្តល់ធាតុចូល សម្រាប់កិច្ចពិគ្រោះយោបល់អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងទី៣ ឯកភាពផ្តល់ការអនុញ្ញាតជាក់ស្តែងតាមករណីផលិតផលនីមួយៗលើកលែងតែផលិតផលដែលមានការពាក់ព័ន្ធ។

យោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន៩៧ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ចំនួន៧, ក្រុមហ៊ុនធានារ៉ាប់រងបន្ត ចំនួន១, ក្រុមហ៊ុនជើងសារធានារ៉ាប់រង ចំនួន២០, ក្រុមហ៊ុនភ្នាក់ងារធានាប្រាប់រ៉ាប់រង ចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ចំនួន៣ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង៕



