អាល្លឺម៉ង់៖ មន្ត្រីផ្តល់ជំនួយសង្គ្រោះបានបន្ថយក្តីសង្ឃឹមកាលពីថ្ងៃពុធ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត នៅតាមគំនរបាក់បែកនៃភូមិឋាននានាដែលរងការបំផ្លិចបំផ្លាញ ដោយទឹកជំនន់នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ខណៈការស្ទង់មតិបានបង្ហាញថា ជនជាតិអាល្លឺម៉ង់ជាច្រើនយល់ថា ក្រុមអ្នកធ្វើគោលនយោបាយមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីការពារពួកគេទេ។

មនុស្សជាង ១៧០នាក់បានស្លាប់ដោយសារទឹកជំនន់កាលពីសប្ដាហ៍មុន ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលជាងកន្លះសតវត្ស ហើយមនុស្សរាប់ពាន់នាក់នៅតែកំពុងបាត់ខ្លួននៅឡើយ។ លោកស្រី Sabine Lackner អនុប្រធានទីភ្នាក់ងារសហព័ន្ធសម្រាប់ការផ្តល់ជំនួយបច្ចេកទេស (THW) បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Redaktionsnetzwerk Deutschland ថា យើងកំពុងតាមស្វែងរកមនុស្សដែលបាត់ខ្លួន ស្របពេលយើងសម្អាតផ្លូវ និងបូមទឹកចេញពីបន្ទប់ក្រោមដីនានា។
លោកស្រីបានបន្ថែមថា ពេលនេះជនរងគ្រោះមួយចំនួន ដែលត្រូវបានរកឃើញទំនងជាស្លាប់ហើយ។ សម្រាប់ជំនួយបន្ទាន់ រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ២០០លានអឺរូ (២៣៥.៥លានដុល្លារ) ហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Olaf Scholz បាននិយាយថា ថវិកាជាច្រើនអាចត្រូវបានផ្តល់ជូនប្រសិនបើចាំបាច់៕
អត្ថបទ៖ សុខមាន