អាជ្ញាធរអេក្វាឌ័របានចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក Jorge Glas កាលពីល្ងាចថ្ងៃសុក្រ (៥ មេសា) ដោយបានចូលទៅចាប់រូបលោកពីស្ថានទូតម៉ិកស៊ិក ដែលការធ្វើបែបនេះជំរុញឲ្យម៉ិកស៊ិកសម្រេចផ្អាកទំនាក់ទំនងទ្វេភាគីតែម្ដង។

លោក Glas ដែលត្រូវបានកាត់ទោសចំនួន ២ដងពីបទពុករលួយ ត្រូវបានអនុញ្ញាតឲ្យសម្ងំលាក់ខ្លួននៅក្នុងស្ថានទូត ក្នុងទីក្រុង Quito ចាប់តាំងពីមានការស្វែងរកសិទ្ធិជ្រកកោននយោបាយ ក្នុងខែធ្នូ ដោយលោកលើកហេតុផលថា លោកត្រូវបានធ្វើទុក្ខបុកម្នេញដោយការិយាល័យក្រសួងយុត្តិធម៌។

ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានបង្ហោះនៅលើបណ្ដាញសង្គម X ថា នគរបាលបានសម្រុកចូលទៅក្នុងស្ថានទូតរបស់ប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Quito មុនពេលធ្វើការចាប់ខ្លួននោះ។ ការិយាល័យប្រធានាធិបតីអេក្វាឌ័របានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរបានចាប់ខ្លួនលោក Glas។
លោក Lopez Obrador បាននិយាយថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកឲ្យផ្អាកទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ ដោយហៅការចាប់ខ្លួននេះថា ជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ម៉ិកស៊ិក៕
