ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ពេលខាងមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហានដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទីបញ្ជាការជួរមុខយោធភូមិភាគទី១ ព្រំដែនកម្ពុជា-ឡាវ។ អញ្ជើញអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងឱកាសនោះដែរមានឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងឯកឧត្តម ជាអគ្គនាយក អគ្គនាយរង នាយទាហាននៅក្នុងស្ថាប័នក្រសួងការពារជាតិអគ្គបញ្ជាការជាច្រើនរូបទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានពាំនាំនូវការផ្ដាំផ្ញើសារសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់ នាយទាហាន ពលទាហាន ទាំងអស់ និង បានជូនពរឆ្នាំថ្មីដល់សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និង សម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។





