រដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ (ទី៦ ខែមេសា) នេះ បានរិះគន់ប្រទេសបូលីវី ចំពោះការបង្ហាញសាមគ្គីភាពជាមួយប្រទេសចិន បន្ទាប់ពីមានគ្រោះរញ្ជួយដីវាយប្រហារលើកោះនេះ។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ និងជាង ១.១០០នាក់ បានរងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ ដែលបានវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃពុធ (ទី៣ ខែមេសា) ដោយការមានច្បាប់សាងសង់យ៉ាងតឹងរ៉ឹង និងការត្រៀមខ្លួនជាស្រេច សម្រាប់គ្រោះមហន្តរាយគ្រប់ទីកន្លែង ត្រូវបានចាត់ទុកថា ជាការបញ្ចៀសបាននូវការខូចខាតធ្ងន់ធ្ងរជាងនេះ។

កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) ក្រសួងការបរទេសបូលីវីបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ប្រទេសនេះ «សូមបង្ហាញនូវសាមគ្គីភាពរបស់ខ្លួនជាមួយសាធារណរដ្ឋប្រជាមានិតចិន នៅចំពោះមុខការបាត់បង់អាយុជីវិត និងការខូចខាតសម្ភារៈធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះរញ្ជួយដីដ៏ធំមួយដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ នៅឯឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់»។
ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការរបស់បូលីវីនោះ នៅថ្ងៃសៅរ៍នេះ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់លោក Joseph Wu បានឲ្យដឹងថា៖ «អ្នកមិនគួរក្លាយជាអាយ៉ងដ៏គួរឲ្យអាណិត និងអាក្រក់របស់អ្នកវាតទីនិយម គឺ PRC (សាធារណរដ្ឋប្រជាមានិតចិន) ពោលគឺធ្វើតាមខ្សែញាក់របស់ទីក្រុងប៉េកាំងនោះឡើយ»។ លោកបានបន្ថែមថា៖ «មិនខុសពីកោះតៃវ៉ាន់ដែរ បូលីវីមិនមែនជាផ្នែកនៃប្រទេសចិនកុម្មុយនីស្តទេ។ មិនថា ច្រើន ឬក៏តិច»។
ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់ក៏បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់បូលីវីផងដែរ ដោយលើកឡើងថា ប្រទេសនេះកំពុងធ្វើតាមរដ្ឋាភិបាលចិន ដើម្បីផ្សព្វផ្សាយការនិយាយមិនពិតជាអន្តរជាតិ ដែលមើលងាយដល់អធិបតេយ្យភាពរបស់យើង។
ទីក្រុងប៉េកាំងបានអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់នូវគំនិត ក្នុងការការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕
