សិស្សានុសិស្ស និងនាយកសាលាបានបញ្ជាក់ថា សង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យហ៊ុន សែន អង្គចក ស្រុកជុំគិរីឆ្នាំនេះរៀបចំបានល្អ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ការតុបតែងលម្អ ការចូលរួមទស្សនា ពិសេសបានបង្ហាញទម្រង់របាំ និងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ សំដៅលើកកម្ពស់សិល្បៈ វប្បធម៌ អរីយធម៌ ទំនៀមទម្លាប់របស់ខ្មែរសុទ្ធសាធ ញ៉ាំឲ្យសង្ក្រាន្តកាន់តែមានភាពទាក់ទាញ និងសប្បាយរីករាយជាងមុន ។

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន អង្គចក ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជំគិរី ខេត្តកំពត បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលឆ្នាំនេះសាលារៀនបានរៀបចំសង្ក្រាន្តឆ្នាំថ្មីបានល្អ អធឹកអធម និងសប្បាយរីករាយជាងមុន។ ពួកគាត់បានបង្ហាញការកត់សំគាល់ថា សង្ក្រាន្តឆ្នាំនេះមានភាពទាក់ទាញខ្លាំង ដោយសារមានការចូលសម្តែងរបាំ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ពីក្រុមសិស្សានុសិស្ស។ ហើយទិដ្ឋភាព និងបរិយាកាសជារួម នៃសង្ក្រាន្តឆ្នាំនេះ មើលទៅមានទម្រង់ជាខ្មែរសុទ្ធសាធ មិនបានចម្លងពីប្រទេសណាទេ ។

លោក កៅ ជ្រឿន នាយករងសាលាវិទ្យាល័យ ហ៊ុន សែន អង្គចក បានប្រាប់ឲ្យដឹងថា សង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន អង្គចក រៀបចំបានល្អ ក្រោមបរិយាកាសសប្បាយរីករាយបំផុត ដោយមានការចូលរួមពីអាជ្ញាធរ ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកទស្សនាជាង១ពាន់នាក់។ សង្ក្រាន្តរៀចំឡើងដោយផ្ទិតផ្ចង់បំផុត ដោយគិតទៅលើអត្ថរូប និងអត្ថន័យ ដើម្បីបំផុសយុវជនឲ្យចូលរួមថែរក្សា សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងល្បែងប្រជាប្រិយរបស់ខ្មែរ។ លោកបានបន្តថា កម្មវិធីមានដូចជា ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងលើករាសី ការសម្តែងរបាំរបាំត្រុដិ របាំជូនពរ របាំគោះអង្រែ របាំពង្សាវតាខ្មែរ ការទស្សនា និងភ្លក់ម្ហូបអាហារដែលបានរៀបចំដោយសិស្សតាមតូបនីមួយៗ កម្មវិធីប្រឡងចម្រៀង ការលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ វាយក្អម ឆក់ស្លឹកឈើ ចោលឈូង លាក់កន្សែង ។ លោកបានបន្តថា តំណាងឲ្យគ្រូ និងសិស្សនៃវិទ្យាល័យហ៊ុន សែន អង្គចក សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍លើកគ្រប់វិស័យ ពិសេសបង្កឱកាសឲ្យសាលារៀនបានរៀបចំសង្ក្រាន្តឆ្នាំថ្មីយ៉ាងសប្បាយរីករាយបំផុត។

ស្រុកជុំគិរី ជាអតីតសមរភូមិសង្គ្រាមអូសបន្លាយយូរជាងគេ ក្នុងចំណោមស្រុកទាំងអស់របស់ខេត្តកំពត ប៉ុន្តែបច្ចុប្បន្ន ជ្រកក្រោមម្លប់នៃសន្តិភាព ស្រុកជុំគិរីមានការអភិវឌ្ឍរីកច្រើនលើកគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ កូនចៅប្រជាពលរដ្ឋមានឱកាសសិក្សារៀនសូត្របានគ្រប់ៗគ្នា ជាក់ស្តែងសង្ក្រាន្តវិទ្យាល័យអាចដំណើរការទៅបានយ៉ាងរីករាយនាពេលនេះ ក៏ដោយសារតែមានការចូលរួមសហការសាមគ្គី រៀបចំពីសំណាក់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ផងដែរ៕














