នគរបាលអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ (ទី៦ ខែមេសា) បានប្រកាសពីការចាប់ខ្លួននៃសមាជិកជាន់ខ្ពស់របស់រដ្ឋឥស្លាម (IS) ជាមួយសមាជិក ២នាក់ផ្សេងទៀតនៃក្រុមដែលត្រូវបានសង្ស័យថា រៀបចំផែនការវាយប្រហារអត្តឃាត អំឡុងពេលនៃការប្រារព្ធពិធី នាសប្តាហ៍ក្រោយ ដែលជាការបញ្ចប់នៃខែដ៏ពិសិដ្ឋរបស់ពិធីបុណ្យរ៉ាម៉ាដាន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងថា នគរបាលបាននិយាយថា ជនសង្ស័យឈ្មោះ Mohammad Zaker ដែលគេស្គាល់ថា «Ramesh» និង២នាក់ទៀត ត្រូវបានចាប់ខ្លួននៅទីក្រុង Karaj ភាគខាងលិចនៃរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា។ ពួកគេបាននិយាយថា មនុស្ស ៨នាក់ផ្សេងទៀតដែលរួមដំណើរជាមួយបុរសទាំងនោះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវ ចំពោះការផ្ទុះចំនួន២ នៅអ៊ីរ៉ង់ កាលពីខែមករា ដែលហេតុការណ៍នោះបានសម្លាប់មនុស្សជិត ១០០នាក់ និងរបួសជាច្រើននាក់ នៅឯពិធីរំលឹកខួបលើកទី៤ នៃការធ្វើឃាតលើមេបញ្ជាការជាន់ខ្ពស់លោក Qassem Soleimani នៅប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០២០ ដោយយានដ្រូនរបស់សហរដ្ឋអាមេរិក។
បន្ទាប់ពីមានហេតុការណ៍ នាពេលនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram របស់ខ្លួន ក្រុមសកម្មប្រយុទ្ធមូស្លីមនិកាយ Sunni ដែលមានការស្អប់ខ្ពើមយ៉ាងខ្លាំង ចំពោះនិកាយ Shi'ite ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមាជិក IS ២នាក់ បានបំផ្ទុះគ្រាប់បែកចងនឹងចង្កេះ នៅក្នុងហ្វូងមនុស្សដែលបានប្រមូលផ្តុំនៅទីបញ្ចុះសព ក្នុងទីក្រុង Kerman ភាគអាគ្នេយ៍អ៊ីរ៉ង់៕
