អវកាសយានិករបស់អង្គការណាសា (NASA) លោក Loral O'Hara បានវិលត្រឡប់មកកាន់ផែនដីវិញហើយ នៅថ្ងៃសៅរ៍ (ទី៦ ខែមេសា) នេះ បន្ទាប់ពីចំណាយពេល ២០៤ថ្ងៃ នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។
យានអវកាស Soyuz របស់រុស្ស៊ី ដែលមានអ្នកនៅក្នុងនោះ គឺលោក O'Hara រួមជាមួយនឹងលោក Oleg Novitsky ដែលជាអវកាសយានិកនៃក្រុមហ៊ុនអវកាស Roscosmos របស់រុស្សី និងអ្នករួមដំណើរអវកាសសញ្ជាតិបេឡារុស លោកស្រី Marina Vasilevskaya បានចុះចតនៅកាហ្សាក់ស្ថាន វេលាម៉ោង ១២:១៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:១៧នាទី ម៉ោងសកល)។
សម្រាប់លោក Novitsky និងលោកស្រី Vasilevskaya អ្នកទាំង២ បានធ្វើដំណើរទៅកាន់ស្ថានីយ ISS នៅថ្ងៃទី២៥ ខែមីនា រួមជាមួយអ្នកអវកាសសញ្ជាតិអាមេរិក គឺលោកស្រី Tracy Dyson។ អង្គការណាសា បានឲ្យដឹងថា បន្ទាប់ពីនៅលើយានអវកាសនោះរយៈពេល ១២ថ្ងៃ ទាំងអ្នកអវកាសសញ្ជាតិរុស្ស៊ី និងបេឡារុស បានជូនលោក O'Hara ត្រឡប់មកភពផែនដីវិញ៕

