ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាកម្ពុជា ៤.០ លើកទី០២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច នារសៀលថ្ងៃទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្ស និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗយុវជនដែលបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា វេទិកានាថ្ងៃនេះគឺជាការយកចិត្តទុកដាក់ ចូលរួមជំរុញ បំផុស ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងគន្លឹះការពារខ្លួនពីការវាយប្រហារ ដល់សាធារណជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងឯកជននៅកម្ពុជា ពិសេសយុវជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា និងការបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០។



