ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានជម្លៀសមនុស្សជាង ៤.០០០នាក់នៅក្នុងតំបន់ អូរ៉េនប៊ើក(Orenburg)ក្បែរព្រំដែនរបស់ប្រទេស កាហ្សាក់ស្ថាន ដោយសារទឹកជំនន់ បន្ទាប់ពីបាក់ទំនប់ទឹក។

ការិយាល័យអភិបាលខេត្ត អូរ៉េនប៊ើក បាននិយាយកាលពីចុងសប្ដាហ៍នេះថា មនុស្សចំនួន ៤.២០៨នាក់ រួមទាំងកុមារចំនួន១.០១៩នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយផ្ទះសម្បែងប្រជាពលរដ្ឋ ជាង ២.៥០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃសុក្រ ទី៥មេសា ក្រោយមានភ្លៀងធ្លាក់ខ្លាំង។

អភិបាលក្រុង លោក ដេនីស ផាស្ល័រ (Denis Pasler) បាននិយាយថា ទឹកជំនន់បានឈានដល់ កម្រិតធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ស្ថានភាពពិតជាលំបាក ជាពិសេសនៅក្នុងទីក្រុង អស (Orsk) ជាទីក្រុងជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២៣០.០០០នាក់ ។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សប្រហែល ២.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅក្នុងទីក្រុង អស (Orsk)តែមួយគត់ ។ ទីក្រុងនេះ មានទីតាំងនៅតំបន់ អូរ៉េនប៊ើក (Orenburg) នៃភ្នំអ៊ូរ៉ាល់(Ural) ។
ប៉ុន្តែក្រុមអាជ្ញាធរបាននិយាយថា ស្ថានភាពលំបាកនៅទូទាំងតំបន់ ហើយបានព្រមានពីកម្រិតទឹកដ៏គ្រោះថ្នាក់នៅលើទន្លេ អ៊ូរ៉ាល់ (Ural) នៅក្នុងទីក្រុងសំខាន់ អូរ៉េនប៊ើក (Orenburg)៕