កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម ឃឹង នុភាព ឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយ លោក លី ម៉េងទីត ប្រធានការិយាល័យអាស៊ាន-អាយប៉ា ជាជំនួយការ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍អភិបាលកិច្ចល្អរបស់សភា (Workshop on Parliamentary Good Governance Practices)” នៅសាលសន្និសីទព្រឹទ្ធសភាថៃ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៍ ។
សិក្ខាសាលានេះ បានសហការរៀបចំដោយលេខាធិការដ្ឋានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ក្នុងគោលបំណង៖
១. ប្រៀបធៀបការអនុវត្តន៍អភិបាលកិច្ចសភា និងក្រមសីលធម៌របស់សភាផ្សេងៗនៅតំបន់អាស៊ី ក្នុងក្របខ័ណ្ឌនយោបាយ និងរដ្ឋធម្មនុញ្ញផ្សេងៗគ្នា ។
២. ពិភាក្សាអំពីរបៀបអនុវត្តអភិបាលកិច្ចផ្សេងៗគ្នា រួមទាំងក្រមសីលធម៌របស់សភា អាចត្រូវបានអនុវត្តនៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបនៃសភាសមាជិកអាយប៉ា ។
៣. ពិភាក្សាអំពីជម្រើសលើការបង្កើតក្រមសីលធម៌ ឬគោលការណ៍ណែនាំ ដោយសង្កត់ធ្ងន់លើគោលការណ៍អភិបាលកិច្ចល្អនៃតម្លាភាព និងគណនេយ្យភាព ។
៤. ដើម្បីពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ដែលបានផ្ដល់អនុសាសន៍ អាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ។
សូមជម្រាបជូនផងដែរថា ក្នុងដំណើរការសិក្ខាសាលាថ្ងៃទី១៖ អង្គសិក្ខាសាលាបានចែករំលែកនូវបទបង្ហាញអំពី “ការអនុវត្តន៍អភិបាលកិច្ចល្អរបស់សភា (Parliamentary Good Governance Practices)” របស់សភាសមាជិកអាយប៉ា និងថ្ងៃទី២៖ អង្គសិក្ខាសាលាបានចែករំលែកនូវបទបង្ហាញអំពី ក្រមសីលធម៌របស់សភាបារាំង សភាអាមេរិក និងសភាស៊ុយអែតផងដែរ ។






