បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករក្នុងក្រុមនីមួយៗ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នលើកទី៩ បានរកឃើញម្ចាស់តំណែងជើងឯកហើយ ដែលបានទៅលើក្រុមយុវជនក្រសួងអប់រំយុវជន និងកីឡា បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមយុវជនក្រសួងសុខភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹងលទ្ធផល ២-១។
សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន" គឺជាវេទិកាកីឡា ដែលរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋ។ ដោយឡែក នៅក្នុងឆ្នាំនេះការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន" មានការចូលរួមពីសំណាក់ ក្រសួង~ស្ថាប័នចំនួន៣៤ ៕






