ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍ ៦ មេសា បន្ទាប់ពីក្រុមបាតុករទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ បានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។

អតីតឧបនាយករដ្ឋមន្រ្ដី លោក រ៉ាចេនដ្រា ម៉ាហាតូ (Rajendra Mahato) បានអំពាវនាវឱ្យមានការហែក្បួនគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋ ដែលមានមូលដ្ឋានលើជនជាតិភាគតិច ប៉ុន្តែអ្វីៗបានប្រែក្លាយជាហិង្សា នៅពេលដែលក្រុមបាតុករចូលទៅក្នុងតំបន់ហាមឃាត់ដែលត្រូវបានការពារដោយកងកម្លាំងនគរបាល។

ភ្លាមៗនោះ ក្រុមបាតុករបានទំលាយរនាំង និងគប់ដុំថ្មទៅលើនគរបាល បន្ទាប់មកពួកគេត្រូវបានបំបែកដោយប្រើប្រាស់ដំបងឆក់ ដំបង និងកាណុងបាញ់ទឹក។
តាមសេចក្តីរាយការណ៍ មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ ខណៈមនុស្ស៤នាក់ ត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សានៅក្នុងតំបន់នេះ៕