នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញនេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅផ្ដល់ជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តម មាស សុខសេនសាន បានថ្លៃងថា នេះជាលើកទី៣២ហើយ ដែលរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌចាប់ តាំងពីឆ្នាំ២០០៨មក ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ នឹងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកផ្ដល់ជូនបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ដពុះពារ ការលំបាកក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ឯកឧត្តម បន្តថា ទាំងនេះពិតជាមិនអាចកាត់ផ្ដាច់បាន ពីវីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ព ដែលឈរជើង ការពារនៅសមរភូមិមុខ និងបានធ្វើពលិកម្មដ៏ធំធេងហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដើម្បីបុព្វហេតុកាពារជាតិ សុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រជាជនកម្ពុជា ឱ្យរស់នៅយ៉ាងសុខសាន្ត។
ឯកឧត្តម បានបន្ថែមថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈនៃការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជម្រុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព ការផ្សាភ្ជាប់នូវស្មារតីសាមគ្គីភាព រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ឱ្យកាន់តែជិតសិ្នទ្ធ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់កងទ័ពឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះ ឯកឧត្តម ក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាកម្លាំងយុវជន បន្តវេនប្រកបដោយសក្ដានុពលខ្លាំងក្លា មានចំណេះដឹងជ្រៅជ្រះ បាននឹងកំពុងបន្តអភិវឌ្ឍន៍ ប្រទេសជាតិ ជាពិសេសការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យការពារជាតិ ព្រមទាំងសមិទ្ធផលនាដើមនីតិកាល ជាពិសេសការបំពេញបេសកកម្មក្រៅប្រទេសធំៗ ដោយបាននាំមកនូវជោគជ័យធំធេង ទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិលើ ឆាកអន្តរជាតិ។
សូមបញ្ជាក់ថា អំណោយដែលកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ទទួលបាននា ពេលនោះ ដោយអង្គភាពនីមួយៗ ទទួលបានថវិកា ២លានរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត នឹងជូនដល់កងកម្លាំងទាំង២អង្គភាព ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល រួមជាមួយប្រាក់ឧបត្ថម្ភរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៥ខេត្ត ចំនួន៥លានរៀល៕












