កណ្តាល៖ ព្រឹកថ្ងៃទី៦ ខែមេសា ម្សិលមិញនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានរៀបចំពិធីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សំណេះសំណាល និងបំពាក់មេដាយ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ,លោក វិជ្ជបណ្ឌិត ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងលោក វិជ្ជបណ្ឌិត អនុប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្ដាល ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមគ្រូពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល មួយចំនួនទៀត។
ក្នុងពិធីនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានលើកឡើងថា ដោយអនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធិភាពរបស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម ដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្តិ៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ឱ្យកម្លាំងកងរាជអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ឈរលើគោលការណ៍គោរពបទបញ្ជា គោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាពលរដ្ឋ។ ជាមួយនោះផងដែរ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលនានាជាច្រើន សម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល បានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការចាំបាច់។
លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្តល់កម្លាំងចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមដោយស្ម័គ្រចិត្តសម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត។
នាឱកាសនេះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនៈខេត្តកណ្តាល ក្នុងការមកចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមិនគិតពីឋានៈ ពណ៌សម្បុរ ឬនិន្នាការ ជាពិសេសបានជួយសម្រួលដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមគ្រួសារ សាច់ញាតិ ពេលត្រូវការឈាមជាចាំបាច់។ ក្នុងនាម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមចាំជាបាច់ ក្នុងរយះពេលកន្លងមក។ ក្នុងវេលាដ៏មានសារៈសំខាន់នេះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តល់អនុសាសន៍ថា ឈាមមានប្រភពពីមនុស្ស មិនមានរោងចក្រណាផលិតបានឡើយ ដូចនេះខ្ញុំសូមលើកទឹកចិត្តដល់កងកម្លាំងយើងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌ជួយគ្នា បរិច្ចាកឈាមដោយស្ម័គ្រចិត្តដែលជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ក្នុងការជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ដើម្បីសង្គ្រោះជីវិតមនុស្ស៕













