ខណៈខែដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាដាន នឹងបញ្ចប់ចុងសប្តាហ៍នេះ ផ្សារទំនើប និងទីផ្សារប្រពៃណីនៅទូទាំងប្រទេសប៉ាគីស្ថាន កំពុងគ្របដណ្ដប់ដោយភាពអ៊ូអរខ្លាំងនៅពេលប្រជាពលរដ្ឋ បានសម្រុកទិញទំនិញ នៅមុនពិធីបុណ្យមូស្លីម អេត អាល់ ហ្វីត (Eid al Fitr)ចូលមកដល់។

ប៉ុន្តែនៅឆ្នាំនេះ ទាំងអ្នកទិញទំនិញ ទាំងអ្នកលក់ និយាយថា អតិផរណាកំពុងបង្អាក់ភាពរីករាយក្នុងការទិញទំនិញនៅតាមទីផ្សារនានា។
សប្តាហ៍ចុងក្រោយនៃបុណ្យរ៉ាម៉ាដាន ជាធម្មតា តែងមើលឃើញភាពរីករាយនៃការដើរទិញទំនិញផ្សេងៗ ជាមួយក្រុមគ្រួសារ ដែលប្រមូលផ្តុំគ្នាទៅកាន់ទីផ្សារភ្លាមៗ បន្ទាប់ពីពិធី អ៊ីហ្វតា"iftar" ដែលជាពិធីស្រាយបួសឬការទទួលទាហានអាហារបន្ទាប់ពីថ្ងៃលិច ក្នុងការស្វែងរកសម្លៀកបំពាក់ គ្រឿងអលង្ការ និងស្បែកជើង ថ្មីៗ ដែលជាធម្មតាត្រូវបានចាត់ទុកថាជាពិធីបុណ្យ អេត(Eid) មានរយៈពេលបីថ្ងៃនៅក្នុងប្រទេសប៉ាគីស្ថាន។

អតិថិជន និងម្ចាស់ហាងនៅទីផ្សារ សំខាន់ៗក្នុងទីក្រុង Karachi និង Lahore បានប្រាប់សារព័ត៌មាន Reuters ថាតម្លៃទំនិញល្អៗ ដូចជាបានកើនឡើងទ្វេដងចាប់តាំងពីពេលដូចគ្នាកាលពីឆ្នាំមុន។
ពិធីបុណ្យ Eid al Fitr ដែលជាថ្ងៃបញ្ចប់នៃបុណ្យរ៉ាម៉ាដាន ត្រូវបានគេរំពឹងថានឹងចូលមកដល់នៅថ្ងៃទី១០ខែមេសា នៅក្នុងប្រទេសប៉ាគីស្ថានក្នុងឆ្នាំនេះ ទោះបីជាអាចនឹងត្រូវពន្យារពេលមួយថ្ងៃដោយសារតែពេលវេលានៃការមើលឃើញព្រះចន្ទក៏ដោយ៕