អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ៧ ខែមេសា ថា ខ្លួនបានដកទាហានបន្ថែមទៀតពីភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបន្សល់ទុកតែកងពលតូចមួយអង្គភាពប៉ុណ្ណោះ ស្របពេលខ្លួន និងក្រុមហាម៉ាស បានបញ្ជូនក្រុមអ្នកចរចាទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់ដ៏មានសំខាន់នៅក្នុងជម្លោះរយៈពេល៦ខែមកនេះ។

អ៊ីស្រាអែលបាននឹងកំពុងកាត់បន្ថយចំនួនកងទ័ពនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីដើមឆ្នាំមកនេះ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពរបស់កងកម្លាំងបម្រុង ហើយកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោន ឲ្យស្រោចស្រង់ស្ថានភាពមនុស្សធម៌ ជាពិសេសបន្ទាប់ពីការសម្លាប់បុគ្គលិកជំនួយ៧នាក់កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល ពុំបានផ្តល់ព័ត៌មានលម្អិតពីមូលហេតុនៃការដកកងទ័ព ឬចំនួនទ័ព ប៉ុន្មាននោះទេ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយថា កងទ័ព នឹងកំពុងរៀបចំសម្រាប់ប្រតិបត្តិការនាពេលអនាគតនៅក្នុងដែនដីហ្កាហ្សា។
ទាំងអ៊ីស្រាអែល ទាំងក្រុមហាម៉ាស ជាចលនាសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានបញ្ជាក់ថា ពួកគេកំពុងបញ្ជូនគណៈប្រតិភូទៅអេហ្ស៊ីប។
ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ចង់បានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែល។ អ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីមានបទឈប់បាញ់ណាមួយ ខ្លួននឹងផ្តួលរំលំក្រុមហាម៉ាសឲ្យអស់ពីដែនដីមួយនេះ ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា នឹងមិនមានកិច្ចព្រមព្រៀងទេ ប្រសិនបើគ្មានការដោះលែងចំណាប់ខ្មាំង ហើយថាលោកនឹងមិនជាប់ខ្លួនក្រោមសម្ពាធអន្តរជាតិនោះទេ។ ចំណែកក្រុមហាម៉ាស វិញ និយាយថា កិច្ចព្រមព្រៀងមួយត្រូវតែរួមបញ្ចូលសេរីភាពនៃសកម្មភាពរបស់អ្នកស្រុកនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប៕