កងទ័ពរបស់ប្រទេសចិន បាននិយាយថា ប្រទេសនេះ បានធ្វើសកម្មភាពល្បាតបែបប្រយុទ្ធកាលពីថ្ងៃអាទិត្យទី៧មេសា នៅក្នុងសមុទ្រចិនខាងត្បូង ចំថ្ងៃដែលប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងដែនដីមានជម្លោះ។

សកម្មភាពនានានៅដែនសមុទ្រនេះ បានកើតឡើង ប៉ុន្មានថ្ងៃ មុនលោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូង ជាមួយក្រុមមេដឹកនាំមកពីប្រទេស ហ្វីលីពីន និងជប៉ុន ខណៈភាពតានតឹងចេះតែកើនឡើង ជុំវិញការប្រកួតប្រជែងដ៏ក្ដៅគគុកនៅក្នុងសមុទ្រចិនខាងត្បូង ដែលក្លាយជារបៀបវារៈសម្រាប់ជំនួបនេះ។

ទីបញ្ជាការភូមិភាគរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនកំពុងរៀបចំ ការល្បាតបែបប្រយុទ្ធកងទ័ពជើងទឹក និងអាកាស នៅក្នុងសមុទ្រចិនខាងត្បូង។
ទីបញ្ជាការនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រប់សកម្មភាពយោធាទាំងអស់ ដែលបង្កអស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង និងការបង្កបញ្ហាឲ្យកាន់តែក្ដៅគគុក គឺអាចគ្រប់គ្រងបាន ដែលទំនងជាសំដៅដល់សកម្មភាពសមយុទ្ធផ្សេងកំពុងធ្វើនៅក្នុងដែនទឹកដ៏ចម្រូងចម្រាសនេះ។

យោធាហ្វីលីពីន បាននិយាយថា សមយុទ្ធរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសដែលកំពុងចូលរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរីភាព និងបើកចំហ តាមរយៈ លំហាត់អន្តរប្រតិបត្តិការនៅក្នុងសកម្មភាពដែនសមុទ្រ។
សមយុទ្ធដែលឲ្យឈ្មោះថា សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រចម្រុះ រួមបញ្ចូលទាំង អង្គភាពកងទ័ពជើងទឹកនិងអាកាស មកពីប្រទេសទាំង៤នេះ៕