អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសៅរ៍ (០៦ មេសា) ថាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ត្រូវបានបំផ្លាញទៅជាផេះផង់ដោយសារការឡោមព័ទ្ធចុងក្រោយរបស់អ៊ីស្រាអែល ដោយបន្សល់ទុកត្រឹមតែ «សំបកទទេ» ជាមួយនឹងសាកសពជាច្រើន។

បុគ្គលិករបស់អង្គការសុខភាពពិភពលោក ដែលទទួលបានសិទ្ធិចូលទៅកាន់ទីតាំងដ៏បំផ្លិចបំផ្លាញនេះកាលពីថ្ងៃសុក្រ បានពិពណ៌នាអំពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នៃសាកសពដែលកប់ដោយផ្នែក និងមានក្លិនស្អុយនៃសាកសពរលួយ។

កងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) នៅទីក្រុងហ្កាហ្សា នេះកាលពីថ្ងៃច័ន្ទ បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលដែលខ្លួនបាននិយាយថាបានប្រយុទ្ធជាមួយ «ពួកសកម្មប្រយុទ្ធ» ប៉ាឡេស្ទីន នៅក្នុងកន្លែងដែលធ្លាប់ជាទីតាំងព្យាបាលដ៏សំខាន់បំផុតរបស់ទឹកដីប៉ាឡេស្ទីនមួយនេះ។

មន្ទីរពេទ្យអាល់ស៊ីហ្វា ដែលជាមណ្ឌលវេជ្ជសាស្រ្តធំជាងគេរបស់តំបន់ហ្កាហ្សាមុនពេលមានសង្រ្គាម គឺធ្លាប់ជាមណ្ឌលថែទាំសុខភាពមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលកងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការវាយឆ្មក់រយៈពេលពីរសប្ដាហ៍នៅទីនោះ។
បេសកកម្មដែលដឹកនាំដោយអង្គការ WHO នេះបានរកឃើញការបំផ្លិចបំផ្លាញដ៏ធំ ហើយទទួលបានសេចក្តីរាយការណ៍ថាអ្នកជំងឺត្រូវបានគេ «ឃុំខ្លួនក្នុងស្ថានភាពធ្ងន់ធ្ងរ» កំឡុងពេលការឡោមព័ទ្ធ ហើយមនុស្សជាច្រើននាក់បានស្លាប់៕