ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ខ្លួនក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសចិន។

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាទិសដៅដំបូង បន្ទាប់ពីការជាប់ឆ្នោត ដោយបានទៅដល់ប្រទេសចិនកាលពីថ្ងៃទី៣១ មីនាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ ការសម្រេចចិត្តនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការរក្សាគោលនយោបាយមិត្តភាពរបស់លោកប្រធានាធិបតី Joko ចំពោះប្រទេសចិន និងជំរុញការអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងទ្វេភាគី។

លោកឌីចូហារី អូរ៉ាម៉ានហ្កាន់(Djauhari Oratmangun) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅប្រទេសចិនបានលើកឡើងថា ឥណ្ឌូនេស៊ី និងចិន មានសក្តានុពលក្នុងការរួមចំណែកដល់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាការពិតសម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។
មិនយូរប៉ុន្មាន រដ្ឋមន្ត្រីការបរទេសមកពីប្រទេសឡាវ វៀតណាម និងទីម័រខាងកើត បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមេសា។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហា ចក្រី សេរិនថន (Maha Chakri Sirindhorn) ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១០ ខែមេសានេះ ផងដែរ។

ថ្មីៗនេះ រដ្ឋាភិបាលហ្វីលីពីន ដែលញុះញង់ និងគាំទ្រ ដោយសហរដ្ឋអាមេរិក បានធ្វើសកម្មភាពអុជអាលជាញឹកញាប់ទាក់ទងនឹងកោះ ហ័ងយ៉ាន់ (Huangyan) របស់ចិន និងថ្មប៉ប្រះទឹក រិនអាយ(Ren'ai) ដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
បទពិសោធន៍នេះបានបង្ហាញថា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដែលជាបញ្ហាប្រឈម និងមានគុណតម្លៃខ្ពស់។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការប្រឈមមុខដាក់គ្នា ទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ៕