លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ មុនការចេញដំណើររបស់លោកនៅថ្ងៃពុធ ដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ជំនួបជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden និងហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថា ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងបានរុញពិភពលោកទៅកាន់តែជិតចំណុចរបត់ជាប្រវត្តិសាស្ត្រ និងកំពុងបង្ខំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរជំហរការពាររបស់ខ្លួន ។

លោក Kishida បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅឯគេហដ្ឋានឯកជនរបស់លោកក្នុងទីក្រុងតូក្យូថា នៅពេលយើងកំពុងមើលឃើញការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី ស្ថានភាពនៅតែបន្តក្នុងមជ្ឈិមបូព៌ា ព្រមទាំងស្ថានភាពនៅអាស៊ីបូព៌ា យើងត្រូវបានប្រឈមនឹងចំណុចរបត់ប្រវត្តិសាស្ត្រមួយ។

លោកបានលើកឡើងថា នោះជាដើមចមដែលប្រទេសជប៉ុន បានសម្រេចចិត្តពង្រឹងសមត្ថភាពការពាររបស់ខ្លួនជាមូលដ្ឋាន ហើយយើងបានផ្លាស់ប្តូរយ៉ាងខ្លាំងលើគោលនយោបាយសន្តិសុខរបស់ប្រទេសជប៉ុន នៅលើចំណុចជាអាទិភាពទាំងនោះ ។

កិច្ចប្រជុំកំពូលរវាងលោក Kishida និងលោក Biden ត្រូវបានកំណត់លក្ខណៈដោយទីក្រុងវ៉ាស៊ីនតោនថាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពរបស់ខ្លួន ខណៈប្រទេសទាំងពីរសម្លឹងមើលការគំរាមកំហែងក្នុងតំបន់ពីការសាកល្បងអាវុធរបស់កូរ៉េខាងជើង និងទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយរុស្ស៊ី សកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅរកតៃវ៉ាន់៕