មនុស្សរាប់ម៉ឺននាក់ បានចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហុងគ្រី វីកទ័រ អ័របាន (Viktor Orban) នៅកណ្តាលរដ្ឋធានី ប៊ុយដាប៉ែស (Budapest) កាលពីថ្ងៃសៅរ៍ (០៦ មេសា) ដឹកនាំដោយមេធាវីម្នាក់ ដែលធ្លាប់ស្និទ្ធនឹងរដ្ឋបាលលោក អ័របាន និងដែលទើបបង្កើតចលនានយោបាយមានគោលបំណងប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រីរូបនេះ។

ក្រុមអ្នកតវ៉ាបានដើរដង្ហែទៅកាន់សភាក្នុងអាកាសធាតុនិទាឃរដូវក្តៅខុសពីធម្មតា ដោយអ្នកខ្លះស្រែកថា «យើងមិនខ្លាចទេ» និង «លោក អ័របាន ត្រូវតែលាលែងពីតំណែង!» ខណៈមនុស្សជាច្រើនបានស្លៀកពាក់ពណ៌តំណាងជាតិ គឺក្រហម-ស-បៃតង ឬកាន់ទង់ជាតិ ដោយជានិមិត្តសញ្ញាដែលគណបក្សរបស់លោក អ័របាន ប្រើជារបស់បក្សអស់រយៈពេលពីរទសវត្សរ៍កន្លងមក។

ការហែក្បួនតវ៉ានេះត្រូវបានដឹកនាំដោយលោក ភីធើ ម៉េកយ៉ា (Peter Magyar) វ័យ ៤៣ ឆ្នាំដែលធ្លាប់បានរៀបការជាមួយអតីតរដ្ឋមន្ត្រីយុត្តិធម៌របស់លោក អ័របាន គឺលោកស្រី ជូឌីត វ៉ាហ្កា (Judit Varga) ហើយបានចាប់ផ្តើមគណបក្សរបស់ខ្លួនដើម្បីប្រឆាំងនឹងលោក អ័របាន។

យោងតាមទិន្នន័យស្ទង់មតិដោយស្ថានប័នស្រាវជ្រាវ មេដ្យាន (Median) ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានប្រចាំសប្តាហ៍ HVG នៅពាក់កណ្តាលខែមីនា បានបង្ហាញថា អ្នកបោះឆ្នោត ៦៨ ភាគរយបានដឹងឮពីការចូលប្រឡូកក្នុងវិស័យនយោបាយរបស់លោក ម៉េកយ៉ា ហើយចំនួន ១៣ ភាគរយនៃអ្នកទាំងនោះបាននិយាយថាពួកគេទំនងជាគាំទ្រគណបក្សរបស់លោក៕